(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល​គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៦ នេះ បានចុះជួយស្រុកសន្ទុក បានចុះប្រកាសទទួលស្គាល់សកម្មជន យុវជនគណបក្សប្រជាជនកម្ពុជា ក្រុមយុវជនស្រុកសន្ទុកប្រមាណ ៧០០នាក់ ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅទី ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្រៅពី ពិធីប្រកាសទទួលស្គាល់សកម្មជន យុវជនគណបក្សប្រជាជនកម្ពុជា ក៏មានការប្រកាសទទួលស្គាល់សមាសភាព ក្រុមការងារសកម្មជនរបស់ គណបក្ស ថ្នាក់ស្រុក ថ្នាក់ឃុំ និង ថ្នាក់ភូមិរបស់ស្រុកសន្ទុកផងដែរ។

លោក ជា ចាន់តូ បានជំរុញឲ្យ យុវជនទាំងអស់ ឲ្យខិតខំឲ្យបំពេញតួនាទី និងអនុវត្តគោលនយោបាយ របស់គណបក្សឲ្យសកម្មថែមទៀត និងត្រូវ បញ្ចេញ សមត្ថភាព ដែលរបស់ខ្លួន​មានចូលរួម នៅគ្រប់កិច្ចសង្គម ដើម្បីឲ្យក្លាយជាអ្នកបន្តវេន ពិតប្រាកដប្រកប ដោយថាមពលពីអ្នកជំនាន់មុន ស្របតាមគោលនយោបាយ យុវជន ភាវូបនីយកម្ម ហើយដើម្បីឈានទៅសម្រេចបាន តាមគោល​នយោបាយ របស់គណបក្សប្រជាជនកម្ពុជា ចង់បាននោះយុវជន ទាំងអស់ត្រូវ មានការសាមគ្គី និងត្រូវ មាន ការប្ដេជ្ញាចិត្តខ្ពស់ និងត្រូវហ៊ានលះបង់ គ្រប់យ៉ាងចូលឲ្យបានជ្រៅ នៅក្នុងចលនាមហាជន តាមមូលដ្ឋាន។

លោកបានបន្ថែមថា យុវជន ត្រូវមានសាមគ្គីភាព ការឯកភាព ថែរក្សារាល់សមិទ្ធផល ដែលមានឲ្យបានគង់វង្ស និងត្រូវខិតខំ កសាងសមិទ្ធផលថ្មីៗ បន្ថែមទៀត ពិសេសទៀត នោះត្រូវបង្កើន សមត្ថភាព ទាំងចំណេះដឹង និងជំនាញវិជ្ជាជីវៈបន្ថែម ដើម្បីអភិវឌ្ឍប្រទេសជាតិ៕