(កំពង់ឆ្នាំង)៖ លោក គឹម ហួរ ម្ចាស់កសិដ្ឋានហ្គ្រីនហ្វាម (green farm) មានទីតាំងស្ថិតនៅក្នុងភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានផ្ដល់បទសម្ភាសន៍ជាមួយ ភ្នាក់ងារព័ត៌មានFresh News ឱ្យដឹងថា កសិដ្ឋាន ហ្គ្រីនហ្វាម បានកើតឡើងរយៈពេល៦ឆ្នាំហើយ ដែលកសិដ្ឋាននេះបានបណ្ដុះកូនឈើហូបផ្លែមានច្រើនប្រភេទ ដូចជា៖ ទំពាំងបាយជូរ ខ្នុរ មៀន ទុរេន គូលែន ល្មើ ដូងក្រអូប ត្របែកអត់គ្រាប់ ជាដើម។

ចំណែកកូនឈើប្រណិត វិញមានដូចជា ក្រញូង បេង នាងនួន និងធ្នង់។ កូនដំណាំទាំងអស់នេះ គឺកសិដ្ឋាន ដាក់លក់នៅនឹងកន្លែងព្រមទាំងលក់តាមអនឡាញ ដែលមានការទទួលស្គាល់ និងគាំទ្រយ៉ាងច្រើនពីអតិថិជនផងដែរ។

នារយៈពេលដ៏ខ្លីខាងមុខនេះ កសិដ្ឋានគ្រីនហ្វាមនឹងពង្រីកកសិដ្ឋានដែលមានដីរហូតជាង៨០០ហិកតា ដើម្បីត្រៀមដាំដំណាំកសិកម្ម និងបង្កើតទៅជាតំបន់ទេសចរណ៍ធម្មជាតិដោយមានសាងសង់ ជារីសតលំហែកាយសម្រាប់ ទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកំសាន្តនៅក្នុងខេត្តកំពង់ឆ្នាំង របស់យើងនេះ។

ជាមួយគ្នានេះដែរ កសិដ្ឋានគ្រីនហ្វាម មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង្កើតជារោងចក្រផលិតជីសេរីរាង្គ ដែលបច្ចុប្បន្ន កំពុងរៀបចំធ្វើរោងចក្រផលិតជីសេរីរាង្គ ជីជីវសាស្ត្រមានទឹក និងសូន្យជាគ្រប់ ព្រមទាំងផលិតថ្នាំបា ញ់សម្លាប់សត្វល្អិតធម្មជាតិផងដែរ។ ការរៀចំផលិតជីសេរីរាង្គជីវសាស្រ្ត និងថ្នាំបាញ់សម្លាប់សត្វល្អិត ត្រូវបានចុះក្នុងបញ្ជីកាពាណិជ្ជកម្ម និងមានអ្នកជំនាញបច្ចេកទេស ផលិតត្រឹមត្រូវមកពីប្រទេសអ៊ីស្រាអែល។

ការផលិតជីសេរីរាង្គជីវសាស្ត្រខាងលើនេះ នឹងចាប់ដំណើរការនៅដើមខែកក្កដានេះ ចំណែកវត្ថុធាតុដើមសំម្រាប់ការផលិតជី មានដូចជាកាកអំពៅ កាកដំឡូងមី លាមកសត្វ។ល។ និងមេជីធម្មជាតិ ដែលមានរូបមន្តស្តង់ដារ គឺប្រើប្រាស់ទៅមិនខូចដី និងដើម្បីឆ្លើយតបជាមួយកសិកររបស់យើងដែលបានទិញកូនដំណាំយកទៅដាំដុះ និងក៏សម្រាប់ផ្គត់ផ្គង់ដល់ប្រជាកសិករដែលកំពុងតម្រូវការនៅទូទាំងប្រទេសផងដែរ។

លោក គឹម ហួរ ម្ចាស់ភូមិកសិដ្ឋានគ្រីនហ្វាម បានបញ្ជាក់ទៀតថា ក្រៅពីបណ្ដុះពូជដំណាំដូចខាងលើ កសិដ្ឋានរបស់លោកក៏បានត្រៀមបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិនៅលើផ្ទៃដីជាច្រើនហិកតានៅភូមិឡ ឃុំទួលខ្ពស់ ស្រុកទឹកផុស ដែលបច្ចុប្បន្នបានដាំផ្លែមៀន១០០ហិកតា ទុរេន៥០០០ដើម ក្រញូង១០០ហិកតា និងកំពុងរៀបចំធ្វើរីសត ដាំផ្លែឈើគ្រប់មុខប្រែក្លាយកសិដ្ឋានឲ្យក្លាយទៅជាតំបន់កសិទេសចរណ៍ សម្រាប់ភ្ញៀវមកលេងកម្សាន្តផងដែរ។

ចំណែកនៅក្នុងកសិដ្ឋានបណ្ដុះពូជដំណាំវិញ លោកក៏កំពុងជីកប្រឡាយខ្វាត់ខ្វែង ក្នុងកសិដ្ឋាន យកទឹកស្រោចស្រពដំណាំផង និងដើម្បីចិញ្ចឹមបង្កង និងចិញ្ចឹមត្រី សម្រាប់រកចំណូលបន្ថែម និងសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ របស់កម្មករកំពុង ធ្វើការងារក្នុងកសិដ្ឋាន។

លោកបានបន្តថា នៅក្នុងផែនការរបស់យើងគឺរយៈពេល ២ ឬ៣ឆ្នាំខាងមុខនេះ លោកនឹងបង្កើតរោងចក្រ ប្រមូលទិញផលដំ ណាំដែលសម្រាប់លក់ចេញវិញ ដើម្បីធ្វើការវេចខ្ចប់ លក់នៅលើទីផ្សារដែលមានប្រេនរបស់ក្រុម ហ៊ុន វីសិនហ្វាមនៅភ្នំពេញ៕