(ប៉ៃលិន)៖ នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ក្នុងបរិវេណសាលាខេត្តប៉ៃលិន មានរៀបចំប្រារព្ធខួបលើកទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហម​កម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»  ស្ថិតក្រោមអធិបតីភាព លោក អ៉ី ឈាន ប្រធានគិក្តិយសសាខាកាក​បាទក្រហមកម្ពុជា​ខេត្តប៉ៃលិន និងជារដ្ឋលេខាធិការ ក្រសួងការ​ពារជាតិ ដោយមានការអញ្ជើញចូលរួមពីលោក សេង ទៀង ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​, លោកស្រី បាន ស្រីមុំ ប្រធានសាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្ត​, លោក កើត សុធា អភិបាលនៃ​គណៈអភិបាលខេត្តប៉ៃលិន, លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីលោក លោកស្រីសមាជិក​កាកបាទក្រហមកម្ពុជា​, បងប្អួនក្រុម​សហភាព​សហព័ន្ធយុវជនកម្ពុជាខេត្ត, ក្រុមកាយរិទ្ធកម្ពុជាខេត្ត និងប្អួនៗសិស្សានុសិស្ស ប្រជាពលរដ្ឋ ជាងមួយពាន់នាក់ ។

លោក សៅ សារ៉ាត់ អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអានរាយការណ៏ការងារកាកបាទក្រហមកម្ពុជាខេត្ត ស្តីពីការអនុវត្តន៏ការងារមនុស្សធម៌កាកបាទក្រហមកម្ពុជារួចមក លោកស្រី បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ហើយបន្ទាប់មកលោកស្រី ក៏បានសម្ដែងនូវមនោសញ្ចេតនាគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិការភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក  និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ  នៃផែនការសកម្មភាពរួមរបស់ អគ្គលេខាធិការអង្គការសហប្រជាតិ ដើម្បីលើកកម្ពស់សុខភាពស្ត្រី និងកុមារដែលបានបង្កើតឡើងនូវសកម្មភាពមនុស្សធម៌  ដ៏រស់រវើក​ផ្តល់ជំនួយសង្គ្រោះគ្រប់បែបយ៉ាង ជូនប្រជាពលរដ្ឋដែលរងគ្រោះ​ ជាពិសេសអ្នកកើតនិងផ្ទុកមេរោគអេដស៏ស្ត្រីមានផ្ទៃពោះ ស្រី្តសម្រាលកូន ជនពិការ ចាស់ជរា កុមារ មិនបែងចែក​ឬរើសអើងសញ្ជាតិ ពូជសាសន៍​ ជំនឿសាសនា ប្រកាន់វណ្ណៈ ពណ៌សម្បុរ ​និងនិន្នាការនយោបាយឡើយ ។

លោក អ៉ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហម​កម្ពុជាខេត្តប៉ៃលិន និងជារដ្ឋលេខាធិការក្រសួងការពារជាតិ  បានមានប្រសាសន៏ឲ្យដឹងថា៖ ថ្ងៃនេះជាថ្ងៃមិន្ទិញខួបលើកទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» ​ហើយក៏ជាថ្ងៃដែល លោក លោកស្រី អ្នកឧកញ៉ា ​សប្បុរសជន ដែល​អញ្ជើញ​​ជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារ និងថវិកា ក្នុងពិធីដ៏មានតម្លៃ នាឳកាសនេះ​។ ថវិកាដែលទទួលបាននាពេលនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងយកទៅជួយដល់​ជនរងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ ដោយឧបទ្ទវហេតុផ្សេងៗ ​និងសម្រាប់បម្រើសកម្មភាពអប់រំ ការថែទាំសុខភាព ការលើកកម្ពស់នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូមនុស្សជាតិ ដើម្បរួមចំណែកដល់​ការ​កាត់បន្ថយភាព​ក្រីក្រ ធ្វើឲ្យជីវភាពរបស់​ប្រជាពលរដ្ឋងាយ​រងគ្រោះ មានភាពល្អប្រសើរឡើង ។

សូមបញ្ជាក់ថា ថវិកាដែលទទួលបានក្នុងពិធី ដ៏មានអត្ថន័យនេះ មានចំនួន២៥៥,៩៦៨ដុល្លា អាមេរិក ផងដែរ ៕