(កំពង់ធំ)៖ ប្រជាពលរដ្ឋក្នុងភូមិកំពង់ប្រដំ និងភូមិគោកទ្រា ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ មានក្ដីសប្បាយរីករាយយ៉ាងខ្លាំង នៅពេលប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំម្សាក្រង លោក ឃុន ប៊ុនហូ បានប្រកាសជួយកសាង និងជួសជុលផ្លូវមួយខ្សែ បន្ទាប់ពីគណបក្សប្រជាជនឃុំម្សាក្រងឈ្នះក្នុងការបោះឆ្នោតកន្លងទៅ។

ការសន្យាកសាងផ្លូវលំ១ខ្សែនេះគឺមានប្រវែង១,៦០០ម៉ែត្រ ក្រាលក្រួសក្រហម ឆ្លងកាត់ភូមិកំពង់ប្រដំ និងភូមិគោគទ្រា នៃឃុំម្សាក្រង ដោយផ្លូវនេះមានការខូចខាតជាយូរមកហើយ ដែលធ្វើឱ្យប្រជាជនពិបាកក្នុងការធ្វើដំណើរ។

ការប្រកាសជួយកសាងផ្លូវខាងលើនេះធ្វើឡើងក្នុងពេលប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំម្សាក្រង ដឹកនាំសហការីចុះថ្លែងអំណរគុណចំពោះសមាជិកបក្សនៅក្នុងភូមិទាំង១១នៃឃុំម្សាក្រង ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ និងគាំទ្រពេញទំហឹងចំពោះបេក្ខជនក្រុមប្រឹក្សាឃុំម្សាក្រងអាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។

លោក ឃុន ប៊ុនហូ បានផ្ដាំផ្ញើជូនលោកមេឃុំ និងក្រុមប្រឹក្សាទាំងអស់ដែលបានជាប់ឆ្នោតត្រូវខិតខំបម្រើប្រជាពលរដ្ឋក្នុងឃុំឲ្យអស់ពីចិត្តពីថ្លើម ដោយមិនប្រកាន់និន្នាការគណបក្សណាឡើយ។

ប្រជាពលរដ្ឋទាំងអស់មានចិត្តសប្បាយរីករាយយ៉ាងក្រៃលែង ជាមួយនឹងការជឿជាក់ថាក្រោមម្លប់សន្តិភាព គឺមានការអភិវឌ្ឍជានិច្ច ហើយក្រុមការងារបានរៀបចំអាហារសាមគ្គីជូនអ្នកគាំទ្រជាម្ចាស់ឆ្នោត និងរាំលេងកម្សាន្តផងដែរ៕