(សៀមរាប)៖ ភាគីកម្ពុជាបានរៀបចំធ្វើពិធីផ្ទេរប្រគល់អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន២៣អដ្ឋិធាតុបន្ថែមទៀតជូនទៅភាគីវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតវិញ ព្រមទាំងមានការនិមន្តព្រះសង្ឃធ្វើពិធីបង្សុកូលជូនដល់ដូងវិញ្ញាណក្ខន្ធយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាមផងដែរ។

ពិធីប្រគល់-ទទួលនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងសៀមរាប នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីលោកមេបញ្ជាការ បញ្ជាការរង តំបន់ប្រតិបត្តិការសឹករងសៀមរាប និងសមាជិកគណៈកម្មការរុករកអដ្ឋិធាតុ និងក្រុមការងារ K 71 យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម។

បើតាមរបាយការណ៍របស់តំបន់ប្រតិបត្តិការសឹករងសៀមរាប កន្លងមកក្រុមការងារគណៈកម្មការរុករកជីកគាស់អដ្ឋិធាតុបានធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជារវាងខេត្តតៃនិញជាមួយខេត្តសៀមរាប បានស្វែងរុករកជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ចាប់ពីឆ្នាំ២០០៣មកដល់ខែមិថុនា ឆ្នាំ២០២២នេះ បានចំនួន៩៤០អដ្ឋិធាតុហើយនៅជំហាន២ ដំណាក់កាលទី២១នេះ គឺចាប់អនុវត្តពីថ្ងៃទី២១ ខែកុម្ភៈមកដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ជាលទ្ធផលក្រុមការងារបានរកឃើញអដិ្ឋធាតុចំនួន២៣អដ្ឋិធាតុ នៅស្រុកចំនួន៥ក្នុងខេត្តសៀមរាប មានស្រុកក្រឡាញ់ ស្រុកពួក ស្រុកអង្គរជុំ ស្រុកសូទ្រនិគម និងស្រុកអង្គរធំ។

លោកវរសេនីយ៍ឯកបម្រុង ង្វៀង ដឹកថឹង ប្រធានក្រុមការងារអង្គភាព K71 យោធភូមិភាគទី៧ ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋខេត្តសៀមរាប ដែលបានសហការល្អជាមួយក្រុមការងារអង្គភាព K71 របស់វៀតណាម ក្នុងការស្វែងរុករកនិងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាមទទួលបានលទ្ធផលល្អ។

លោក ង្វៀង ក៏បានលើកឡើងពីផលវិបាកក្នុងការរុករកអដ្ឋិធាតុនិងស្រាវជ្រាវរក ដោយភូមិសាស្ត្រដែលបានកប់សាកសព មានការប្រែប្រួល និងសាកី្សមួយចំនួនចាស់ជរា និងបានស្លាប់ ដែលធ្វើឲ្យការទទួលព័ត៌មានមិនបានជាក់ច្បាស់។

លោកអភិបាលរងខេត្ត ពិន ប្រាកដ បានលើកឡើងថា ក្នុងការស្វែងរុករកនិងធ្វើមាតុភូមិនិវត្តអដិ្ឋធាតុកងទ័ពវៀតណាមដែលបានពលីអាយុជីវិតក្នុងសម័យសង្គ្រាមនៅខេត្តសៀមរាប ដំណាក់កាលទី២១នេះ គឺអនុវត្តតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម និងរវាងខេត្តសៀមរាបជាមួយខេត្តតៃនិញ ដោយមានផែនការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ចំពោះការចូលរួមស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពវៀតណាមនេះ គឺជាការងារមនុស្សធម៌ដ៏ល្អផង និងជាការបង្ហាញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាផង ពីព្រោះការពលីអាយុជីវិតរបស់កងទ័ពវៀតណាមលើទឹកដីកម្ពុជា គឺជាការរួមចំណែកក្នុងរំដោះប្រទេសជាតិឲ្យមានសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន។ ដូច្នេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តត្រូវបន្តខិតខំសហប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួលដល់កិច្ចដំណើរការស្វែងរុករកអដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតនៅទឹកដីខេត្តសៀមរាបដែលនៅសេសសល់បន្តទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ ដើមី្បបានជួបជុំក្រុមគ្រួសាររបស់គេ៕