(សៀមរាប)៖ លោក ឥត សារ៉ាត់ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយក្រុងសៀមរាប បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ទាំង១២ នៃក្រុងសៀមរាប ដែលផ្តល់ទំនុកចិត្តបានបោះឆ្នោតគាំទ្រយ៉ាងពេញទំហឹងដល់គណបក្សប្រជាជនកម្ពុជា រហូតទទួលបានសម្លេងគាំទ្រដ៏ច្រើនលើសលប់ក្នុងការការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទូទាំងសង្កាត់ទាំង១២ របស់ក្រុងសៀមរាប។

ការថ្លែងអំណរគុណបែបនេះ របស់លោក ឥត សារ៉ាត់ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៥ មិថុនា ឆ្នាំ២០២២នេះ នៅឯស្នាក់ការគណបក្សប្រជាជនកម្ពុជា។

នាឱកាសនោះដែរ លោក ឥត សារ៉ាត់ បានលើកឡើងថា ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប បានថ្លែងអំណរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានខេត្ត ក្រុង ឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមកបានសហការគ្នាយ៉ាងល្អ ចុះជួយមូលដ្ឋានក្រុងសៀមរាប ដោយបានខិតខំយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ធនធានផ្ទាល់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ និងរួមចំណែកកសាង និងអភិវឌ្ឍន៍មូលដ្ឋាននេះឱ្យមានការរីកចម្រើន។

លោកក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ និងក្រុមការងារចុះជួយក្រុង និងខេត្តសៀមរាប ដែលបានរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ខិតខំបំពេញការងារដោយឆន្ទៈមុះមុត ដេីម្បីឆ្លេីយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលនាំឱ្យប្រជាពលរដ្ឋ មានការជឿជាក់លេីការដឹកនាំរបស់គណបក្ស រហូតនាំមកនូវភាពជោគជ័យជូនគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះដែរ លោក ឥត សារ៉ាត់ បានធ្វើការបូកសរុបវាយតម្លៃអំពីចំណុចខ្លាំង និងចំណុចខ្សោយ ព្រមទាំងដាក់ចេញនូវទិសដៅអនុវត្តបន្តមួយចំនួនដល់គណបក្សក្រុង ដើម្បីឈានឆ្ពោះទៅកាន់ការងារបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ នាពេលខាងមុខឱ្យកាន់តែទទួលជោគជ័យ។

លោក ឥត សារ៉ាត់ បានបញ្ជាក់ផងដែរថា លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិទី៥នេះ គឺជាសក្ខីភាពដែលបានបញ្ជាក់យ៉ាងច្បាស់ពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយការជឿទុកចិត្ត គោរព ស្រឡាញ់ និងផ្ញេីជោគវាសនារបស់ខ្លួនលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដេីម្បីការពារថែរក្សាសុខសន្តិភាព និងនាំមកនូវការអភិវឌ្ឍន៍លើគ្រប់វិស័យបន្ថែមទៀត។

បន្ថែមពីនេះ លោកបានគូសបញ្ជាក់ថា «ដូច្នេះយេីងទាំងអស់គ្នា ប្តេជ្ញារួមគ្នាបន្តដំណើរជាមួយគ្នា បន្តពង្រឹងសាមគ្គីភាព និងចាប់ដៃគ្នាបម្រេីប្រជាពលរដ្ឋការពារសុខសន្តិភាព និងការអភិវឌ្ឍភូមិ ឃុំ សង្កាត់ ស្រុក ក្រុង និងសហគមន៍របស់យើងឱ្យកាន់តែរីកចម្រេីនថែមទៀត»

លោកក៏បានរំលឹកដល់បេក្ខជនមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានគ្រប់សង្កាត់ ត្រូវបន្តធ្វើល្អ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន បន្តជួយដោះស្រាយរាលបញ្ហាប្រឈមនានា និងគ្រប់បញ្ហានៃការលំបាកជូនប្រជាពលរដ្ឋ តាមរយៈនៃការផ្ដល់សេវាគាំពារសុខមាលភាពជូនប្រជាជន រួមគ្នាដោះស្រាយរាល់បញ្ហាដែលកើតមានឡើងក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាបញ្ចៀសឱ្យបាននូវការថ្នាំងថ្នាក់របស់ប្រជាជនមកលើអាជ្ញាធរមូលដ្ឋានរបស់យើង។

សូមបញ្ជាក់ថា អាណត្តិទី៥ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ នៅទូរទាំងក្រុងសៀមរាប ដែលមាន១២សង្កាត់ តំណែងនៃការដឹកនាំកសាង និងអភិវឌ្ឍន៍មូលដ្ឋានឃុំ សង្កាត់បន្តទៀត គឺប្រជាពលរដ្ននៅទូរទាំងក្រុង បានផ្តល់ជំនឿទុកចិត្តលើការដឹកនាំរបស់មេឃុំ ចៅសង្កាត់ ដែលជាបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជាមូលដ្ឋានសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប។ នេះបើតាមសេចក្តីរាយការរបស់លោក នូ ពុទ្ធារ៉ា ប្រធានគណៈកម្មាធិការបក្សក្រុងសៀមរាប៕