(ភ្នំពេញ)៖ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) តំណាងក្រុមហ៊ុនគមនាគមន៍ និងសំណង់ចិន (CCCC) ព្រមទាំងមន្ត្រីបច្ចេកទេសមកពីអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ បានបង្ហាញគំរូផ្លូវរថភ្លើងក្រោមដី (Subway) ឬ ផ្លូវរថភ្លើងលើអាកាស (Monorail) ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីពួកគេបានសិក្សាក្នុងដំណាក់កាលដំបូងរួចរាល់នោះ។

ក្នុងកិច្ចប្រជុំស្តីពីលទ្ធផលសិក្សាបឋមលើការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ ផ្លូវរថភ្លើងក្រោមដី (Subway) ឬ ផ្លូវរថភ្លើងលើអាកាស (Monorail) ក្នុងរាជធានីភ្នំពេញនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំដែងការស្វាគមន៍ចំពោះអង្គប្រជុំ និងបានជម្រាបជូនអំពីគម្រោងសិក្សារបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលអាចចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាព ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលធ្វើការពិនិត្យសម្រេចជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនសាធារណៈណាមួយដែលសមស្រប និងអាចទទួលយកបាន សម្រាប់រាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហានៃការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរ ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។

តាមរយៈលទ្ធផលសិក្សាបឋមនេះ ក្រុមអ្នកជំនាញឯកទេសក្រុមហ៊ុន បានបង្ហាញនូវលទ្ធភាពសាងសង់បណ្តាញផ្លូវរថភ្លើង ដែលបានគ្រោងតភ្ជាប់ស្ទើរគ្រប់ទីតាំង ជាពិសេសលើតំបន់ដែលមានដង់សុីតេប្រជាជនខ្ពស់ ក្នុងរាជធានីភ្នំពេញ។ តាមរយៈលទ្ធផលសិក្សានោះ ក្រុមហ៊ុន បានសិក្សាដោយផ្អែកលើមូលដ្ឋាន នៃការប្រៀបធៀបតម្លៃឯកតាចំណាយលើការសាងសង់ផ្លូវរថភ្លើងក្រោមដី (Subway) ឬផ្លូវរថភ្លើងលើអាកាស(Monorail) រយៈពេលនៃការសាងសង់ តម្លៃប្រតិបត្តិការ និងចំណាយលើការថែទាំជាដើម… ។ល។

បន្ទាប់ការធ្វើបទបង្ហាញពីអ្នកជំនាញហើយនោះ អង្គប្រជុំបានពិភាក្សាលម្អិតបន្ថែមទៅលើលទ្ធផលនៃការសិក្សាជាបឋមនេះ។

លោកទេសរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន សិក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតលើចំណុចដែលនៅខ្វះចន្លោះមួយចំនួន គឺធ្វើយ៉ាងណាឱ្យគម្រោងនៃការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែមានការរីកចម្រើន និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍៕