(ប៉ៃលិន)៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ បាននាំយកអំណោយដ៏សប្បរសធម៌របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋសម្រាលទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ដៃគ្រួសារកូនភ្លោះបី ដែលមានលំនៅដ្ឋានរស់នៅភូមិកូនភ្នំ សង្កាត់អូរតារ៉ៅ ខេត្តប៉ៃលិន។

អំណោយដ៏សប្បុរសធម៌ទាំងនោះរួមមាន ថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។ ទារកភ្លោះទាំងបីនាក់នេះ ប្រសូត្រនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។ ជាកូនលើកដំបូង របស់ឪពុកឈ្មោះ ធ្លក រិន អាយុ២៣ឆ្នាំ និងម្តាយឈ្មោះ សេង តែន អាយុ២៣ឆ្នាំ អ្នកទាំងពីរមានមុខរបរជាកសិករ។

ថ្លែងក្នុងឱកាសនោះ លោក សេង ទៀង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។

លោកជំនួយការផ្ទាល់របស់សម្ដេចតេជោ បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង២៣ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឬបួននាក់ ចំនួន៣៨៧គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។

លោកបានបន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឲ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើត ចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបី ឬបួននាក់។

បន្ថែមពីនេះ លោក សេង ទៀង បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យរស់នៅស្អាត លាងដៃជាមួយសាប៊ូ អាល់កុល ឬទឹកលាងដៃ ដើម្បីការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ដ៏កាចសាហាវ ដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោក។

ដោយមានក្តីអាណិតស្រឡាញ់ លោក សេង ទៀង និងលោកស្រី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន៤០ម៉ឺនរៀល ជូនដល់គ្រួសារទើបប្រសូត្របានកូនលើកដំបូង មានលំនៅដ្ឋានជិតគ្រួសារកូនភ្លោះបីផងដែរ៕