(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើសារលិខិតជូនលោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសវៀតណាម ដើម្បីអបអរសាទរខួប៥៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងវៀតណាម។

ក្នុងសារលិខិតដែល Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា ក្នុងរយៈពេល ៥៥ឆ្នាំមកនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ទទួលបាននូវការរីកចម្រើនឥតឈប់ឈរនៅប្រកបដោយភាពជិតស្និទ្ធលើគ្រប់ទិដ្ឋភាព។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងទៀតថា ឈរលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាបងប្អូន និងការយោគយល់គ្នាទៅវិញទៅមក លោកមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នៅបណ្តាឆ្នាំខាងមុខ ដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ ក៏ដូចជាថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពរបស់សហគមន៍អាស៊ាន និងពិភពលោក៕