(ភ្នំពេញ)៖ រដ្ឋបាលព្រៃឈើភ្នំពេញ បានបន្តនាំយកដើមឈើចំរុះប្រមាណជាង១០០ដើម ទៅដាំនៅក្នុងបរិវេណសាលាបឋមសិក្សាស្ទឹងមានជ័យ ដើម្បីចូលរួមអោយរាជធានីភ្នំពេញ ជាទីក្រុងដែលមានពណ៌បៃតង ពិសេសអោយបរិវេណក្នុងសាលាបឋមសិក្សាទាំងមូលមានបរិស្ថានស្រស់ស្រាយ ដើម្បីបង្កើនបរិយាកាសល្អដល់សិស្សានុសិស្សស្រូបយកខ្យល់អាកាសបរិសុទ្ឋនៃដើមឈើ និងដើម្បីចូលរួមអបអរសាទរបុណ្យរុក្ខទិវា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៩ កក្កដា ខាងមុខនេះ។

លោក អ៊ូច សំណាង នាយសង្កាត់រដ្ឋបាលព្រៃឈើដង្កោ តំណាងអោយលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានឱ្យដឹងថា ការចែកជូនដើមឈើ និងកូនឈើ សម្រាប់ដាំនៅក្នុងទីធ្លាសាលានៅពេលនេះ គឺមានការចូលរួមពីលោកគ្រូអ្នក គ្រូប្រមាណជិត១០០នាក់ផងដែរ។ គោលបំណងនៃការដាំដើមឈើនៅពេលនេះ គឺដើម្បីអបអរពិធីបុណ្យរុក្ខទិវា និងដើម្បីបង្កើនគម្របបៃតងនៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាបរិស្ថាននៅក្នុងសាលារៀន ដើម្បីឱ្យសិស្សានុសិស្សបានស្រូបយកខ្យល់អាកាសបរិសុទ្ធ។

លោកបានបន្ថែមថា ដើមឈើទាំងអស់នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានផ្តល់ជូន និងតែងតែណែនាំឱ្យរដ្ឋបាលព្រៃឈើ ចូលរួមដាំដើមឈើទាំងអស់គ្នា និងត្រូវស្រឡាញ់ និងថែទាំដើមឈើឱ្យដូចយើងស្រឡាញ់ និងថែទាំកូនចៅរបស់យើងដែរ ព្រោះដើមឈើមានសារៈសំខាន់ណាស់ ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេស វាជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោកថែមទៀត។

នាឱកាសនោះដែរ លោកស្រី លៅ ថេន នាយិកាសាលាបឋមសិក្សាស្ទឹងមានជ័យ បានថ្លែងអំណរគុណដល់អភិបាលរាជធានីភ្នំពេញ តាមរយៈលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ ដែលផ្តល់ដើមឈើ និងបានយកមកដាំនៅក្នុងបរិវេណសាលានាពេលនេះ ដែលដើមឈើ គឺបានផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់មនុស្ស សត្វ ជាពិសេសសម្រាប់សិស្សានុសិស្សនាពេលបច្ចុប្បន្ន និងអនាគតដល់កូនចៅជំនាន់ក្រោយ បានស្គាល់ប្រភេទដើមឈើប្រណីតៗរបស់ខ្មែរ។

បើតាម អ៊ូច សំណាង បានឱ្យដឹងថា ចាប់តាំងពីដើមរដូវវស្សាឆ្នាំនេះ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ បានដាំដើមឈើ និងកូនឈើជាបន្តបន្ទាប់ នៅតាមទីតាំងវត្តអារាម និងសាលារៀន៖ រួមមាននៅវត្តនន្ទមុនីស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ប្រមាណ២០០ដើម វត្តគល់ទទឺង ស្ថិតក្នុងខណ្ឌច្បារអំពៅ ប្រមាណ១០៥ដើម និងនៅសាលាបឋមសិក្សាស្ទឹងមានជ័យ ចំនួន ១១៥ដើម។

នាយសង្កាត់រដ្ឋបាលព្រៃឈើដង្កោ បន្ថែមឱ្យដឹងថា និងធ្វើការដាំបន្ថែមទៀត នៅតាមទីតាំងផ្សេងៗ ព្រោះដើមឈើមិនត្រឹមតែអាចផ្តល់ជាម្លប់ដល់សិស្សានុសិស្សទេ វាអាចជួយកាត់បន្ថយការបម្រែបម្រួលអាកាសធាតុនៅលើភពផែនដី ហើយជួយកម្ចាត់ជាតិពុលនានា នៅក្នុងបរិវេណសាលា ក៏ដូចរាជធានីភ្នំពេញផងដែរ៕