(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យមិនមែនត្រឹមតែផ្តោតលើអន្ទាក់នៅលើដី លើអាកាសទេ តែក៏បានផ្តោតលើអន្ទាក់ក្នុងទឹក ដូចជា៖ មង ឧបករណ៍ឆក់ និងឧបករណ៍នេសាទផ្សេងទៀត មិនឱ្យរំខានតំបន់ដែលត្រូវបានអភិរក្សសត្វផ្សោត។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៃយុទ្ធ នាការអន្ទាក់សូន្យ នៅតំបន់ការពារ ធម្មជាតិខេត្តក្រចេះ នាចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា អន្ទាក់នៅតែជាការគំរាម កំហែងយ៉ាងខ្លាំងដល់សត្វព្រៃគ្រប់ប្រភេទជាពិសេសសត្វជើងចំពាម ហើយមិនមែនត្រឹម តែកម្ពុជាទេមានបញ្ហាប្រឈមនឹងវត្ត មានអន្ទាក់នៅក្នុង តំបន់ការពារធម្មជាតិ គឺតំបន់អភិរក្សនៅតាមបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ីទទួលរងនូវការគំរាម កំហែង ដោយសារតែអន្ទាក់។

លោកបានគូសបញ្ជាក់ថា៖ «យើងចូលរួមការពារធនធានធម្មជាតិ និងចូលរួមយុទ្ធនាការអន្ទាក់សូន្យនេះ មិនមែនត្រឹមតែសម្រាប់ខ្លួនយើងទេ ប៉ុន្តែ សម្រាប់មនុស្សគ្រប់ជំនាន់តទៅទៀត អន្ទាក់ដែលយើងបានដាកគឺវាបំផ្លាញ ហើយប្អូនៗត្រូវគិតថាមិនមែនមានតែអន្ទាក់លើដីទេ វាមានអន្ទាក់នៅលើមេឃ និងអន្ទាក់នៅក្នុងទឹក គឺសំដៅទៅលើមង លបឆក់ សំណាញ អួន និងសូមអំពាវនាវពលរដ្ឋកុំចូលទៅតំបន់ដែលហាមឃាត់ កន្លែងអភរិក្សសត្វផ្សោត ពីព្រោះយើងនៅសល់តែ៨៩ក្បាលទេ ប្រសិនបើវាបន្តស្លាប់ និងមានកូនកើតមិនបានច្រើននៅពេលណាមួយយើងនឹងបាត់បង់វា»

ស្ថិតនៅក្នុងឱកាសនោះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា សត្វផ្សោតទឹកសាបកម្ពុជា នៅសល់ចំនួន ៨៩ក្បាលដែលកំពុងរស់នៅលើដងទន្លេមេគង្គពីខេត្តក្រចេះ ទៅស្ទឹងត្រែង។ ជារៀងរាល់ឆ្នាំ សត្វផ្សោតជាច្រើនក្បាលរកឃើញស្លាប់ដែលខ្លះជាប់មងប្រជានេសាទ និងខ្លះទៀតអាចមកពីការឆក់។ សូមចូលរួមអភិរក្សសត្វផ្សោតកម្ពុជា និងអភិរក្សជីវៈចម្រុះផ្សេងទៀត ដើម្បីកម្ពុជារក្សាបាននូវតម្លៃធម្មជាតិសកលសម្រាប់ការរៀបចំបញ្ជី តំបន់អភិរក្សទាំងនេះសម្រាប់ស្នើដាក់ជាបញ្ជីត្រៀម «បេតិកភណ្ឌធម្មជាតិពិភពលោក» របស់អង្គការយូណេស្កូ។

បើតាមមន្ត្រីឧទ្យានុរក្ស និងមន្ត្រីសត្តរក្ស ឱ្យដឹងថា បច្ចុប្បន្ន ជនល្មើសបានប្រើប្រាស់អន្ទាក់ដោយរាយខ្សែលួសភ្ជាប់ជាមួយចរន្តអគ្គិសនី ដើម្បីឆក់ចាប់យកសត្វព្រៃ ស្របគ្នានឹងការដាក់អន្ទាក់ផ្សេងៗទៀតដូចជាអន្ទាក់ខ្សែកាបិ៍ អន្ទាក់អង្គប់។

លោក ឈិត គឹមអ៊ន់ តំណាងសហគមន៍ការពារសត្វព្រៃព្រែកប្រសព្វ នៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គក្នុងខេត្តក្រចេះ បានឱ្យដឹងថា អន្ទាក់ប្រភេទនេះ ត្រូវបានជនល្មើសដាក់ពង្រាយ ដើម្បីចាប់សត្វព្រៃប្រវែងពី១០ ទៅ២០ម៉ែត្រ។ លោកបន្តថា មិនត្រឹមតែអាចសម្លាប់សត្វព្រៃប៉ុណ្ណោះទេ ថែមទាំងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សផងដែរ ពិសេសមន្ត្រីឧទ្យានុរក្ស និងមន្ត្រីសត្តរក្សនៅពេលចុះល្បាតអនុវត្តច្បាប់។

លោក ឈិត គឹមអ៊ន តំណាងសហគមន៍ការពារសត្វព្រៃព្រែកប្រសព្វ នៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គក្នុងខេត្តក្រចេះ បានឱ្យដឹងថា អន្ទាក់ប្រភេទនេះ ត្រូវបានជនល្មើសដាក់ពង្រាយ ដើម្បីចាប់សត្វព្រៃប្រវែងពី១០ ទៅ២០ម៉ែត្រ។ លោកបន្តថា មិនត្រឹមតែអាចសម្លាប់សត្វព្រៃប៉ុណ្ណោះទេ ថែមទាំងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សផងដែរ ពិសេសមន្ត្រីឧទ្យានុរក្ស និងមន្ត្រីសត្តរក្សនៅពេលចុះល្បាតអនុវត្តច្បាប់។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បង្ហាញថា ជាមធ្យម ក្នុងមួយឆ្នាំមានអន្ទាក់សរុបចំនួនប្រមាណជាង៤ម៉ឺនអន្ទាក់ ត្រូវបានដកចេញពីតំបន់ការពារ ធម្មជាតិ ដែលចំនួននេះ ទើបដោះចេញបានប្រមាណ២០ភាគរយប៉ុណ្ណោះ ក្នុងចំណោមអន្ទាក់ដែលជនល្មើសបានដាក់រាយនៅក្នុងតំបន់ការពារ។ អន្ទាក់ទាំងនោះ មានដូចជា៖ ប្រភេទអន្ទាក់ឆក់ ខ្សែភ្លើង អន្ទាក់អង្គប់ដែកវាយបំបាក់ស្មងជើងសត្វ និងប្រភេទផ្សេងៗទៀត ខណៈកាំភ្លើងកែច្នៃ ដែលជាផ្នែកមួយគំរាមកំហែងដល់សត្វព្រៃ ក៏ត្រូវបានរឹបអូសក្នុងចំនួនកើនឡើង។

លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការសម្ព័ន្ធមិត្តដែនដីសត្វព្រៃកម្ពុជា (Wild Earth Allies Cambodia) បានបញ្ជាក់ថា អន្ទាក់ក្រុមដ៏គ្រោះថ្នាក់មួយ ក្នុងចំណោមកាំភ្លើងកែច្នៃ ដើម្បីសម្លាប់សត្វព្រៃ។ ជាក់ស្តែង ក្នុងចំណោមកូនដំរីដែលបានស្លាប់ជាងពាក់កណ្តាល ត្រូវបានរកឃើញដោយការជាប់អន្ទាក់។ លោកបានបង្ហាញពីការបាត់បង់វត្តមាននៃធនធានសត្វព្រៃនៅកម្ពុជា ខណៈសត្វព្រៃ៣ប្រភេទមានដូចជា៖ គោព្រៃ រមាស និងខ្លាធំ ត្រូវបានគេទទួលស្គាល់ថា លែងមានវត្តមាននៅកម្ពុជាទៀតហើយ។

លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF-កម្ពុជា បានថ្លែងថា៖ «ប្រឈមមុខនឹងវិបត្តិអន្ទាក់ដែលកំពុងបំផ្លាញជីវិតសត្វព្រៃកម្ពុជាដោយមិនរើសមុខ យើងម្នាក់ៗមានតួនាទីចូលរួមធានាថា គ្មានការដាក់អន្ទាក់ក្នុងតំបន់ការពារ តំបន់ព្រៃសហគមន៍ និងក្នុងដែនជម្រកធម្មជាតិផ្សេងៗទៀត ដែលមានសត្វព្រៃរស់នៅ ជាពិសេសតាមរយៈការពង្រឹងគោល នយោបាយ និងបទបញ្ញត្តិពាក់ព័ន្ធ ព្រមទាំងការបង្កើនការអនុវត្តច្បាប់»។ លោកបន្តថា ចាំបាច់ត្រូវអនុវត្តវិធានការរួមគ្នាបន្ទាន់ ដើម្បីបញ្ឈប់តម្រូវការសាច់សត្វព្រៃ និងផលិតផលពីសត្វព្រៃគ្រប់ប្រភេទ ដោយដាក់ចេញនូវបម្រាមចំពោះរាល់ការទិញ លក់ ដឹកជញ្ជូន និងបរិភោគសត្វព្រៃ។

សូមបញ្ជក់ថា ក្រសួងបរិស្ថាន និងអង្គការអន្តរជាតិដៃគូ បាននិងកំពុងធ្វើយុទ្ធនាការអន្ទាក់សូន្យនៅខេត្តនៃតំបន់ការពារធម្ម ជាតិរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំ ដើម្បីផ្សព្វផ្សាយ និងអប់រំអំពីផលប៉ះពាល់ ដោយសារអន្ទាក់ទៅលើជីវិតសត្វ និងជីវិតមនុស្ស ព្រមទាំងការអនុវត្តច្បាប់ សំដៅផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ ស្រឡាញ់សត្វព្រៃ ស្រឡាញ់ជីវៈចម្រុះ តាមរយៈការចូលរួមលុបបំបាត់ការបរបាញ់សត្វ ការដាក់អន្ទាក់ខុសច្បាប់ និងការលុបបំបាក់ការជួញដូរសាច់សត្វព្រៃគ្រប់ទម្រង់៕