(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សកាន់អំណាច បានព្រមានដល់អ្នកនយោបាយប្រឆាំង ឱ្យបញ្ឈប់វប្បធម៌នយោបាយមិនល្អ ដែលតែងតែចោទថា មានការលួចបន្លំសន្លឹកឆ្នោតនៅពេលដែលខ្លួនចាញ់ឆ្នោត នោះ តទៅទៀត។

សម្តេចក្រឡាហោម ស ខេង បានថ្លែងបែបនេះ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ពេលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភីសាកលវិទ្យាល័យជាតិបាត់ដំបង ប្រារព្ធនៅសាលសាកលវិទ្យាល័យជាតិបាត់ដំបង ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពី លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន នៅថ្មីៗនេះ បាននិយាយថា លោកទទួលយកអាសនៈ ប៉ុន្តែបែរជាចោទថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ មិនត្រឹមត្រូវ មិនយុត្តិធម៌ និងមានការលួចបន្លំទៅវិញ។

ពាក់ព័ន្ធនឹងការចោទថាលួចសន្លឹកឆ្នោត ចោទថាការបោះឆ្នោតមិនត្រឹមត្រូវ តែគណបក្សដែលចោទនោះបានទទួលយកលទ្ធផលបោះឆ្នោតនោះ សម្តេចក្រឡាហោម ស ខេង ស្នើឲ្យបញ្ឈប់វប្បធម៌នេះ។សម្តេចបន្ថែមថា «នេះជាបន្ទាត់នយោបាយរបស់គាត់ ឱ្យតែចាញ់គាត់ថាអ៉ីចឹង តាមមើលអ៉ីចឹង! លេងអាចក្បួនហ្នឹងអត់បានទេ វប្បធម៌ហ្នឹងមួយដែលខ្ញុំស្នើគណបក្សនយោបាយ ត្រូវទទួលស្គាល់ការពិត […] ចង់និយាយថាបើគ្រាន់តែចោទស្មានៗអ៉ីចឹង លុបបំបាត់ទៅអាវប្បធម៌ហ្នឹង»។

ភ្ជាប់នឹងសំណើឱ្យលុបបំបាត់វប្បធម៌នេះដែរ សម្ដេចក៏បានស្នើឱ្យអ្នកចាញ់ឆ្នោតបង្កើតវប្បធម៌ស្វាគមន៍អ្នកឈ្នះ។ សម្ដេចបានពន្យល់ថា «ពីមុនយើងធ្វើសង្គ្រាមវាយគ្នា ប្រើកម្លាំងប្រដាប់អាវុធ អំពើហិង្សាដើម្បីឡើងកាន់អំណាច អាហ្នឹងមិនមែនគូប្រកួតប្រជែងទេ គេហៅគូបក្ខដិបក្ខ មានតែសម្លាប់គ្នាទៅវិញទៅមកទេ មានឯងអត់អញមានអញអត់ឯង។ តែយើងមិនមែនគូបក្ខដិបក្ខទេ យើងជាគូប្រកួតប្រជែង។ គូប្រកួតប្រជែងប្រែមកថាចាញ់គឺសូមទទួលស្គាល់ថាចាញ់ ហើយអបអរអ្នកឈ្នះ ជូនពរអ្នកឈ្នះ ធ្វើការជាមួយគ្នា»។

សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើប្រជាពលរដ្ឋនៅមូលដ្ឋានដែលមាននិន្នាការគាំទ្រគណបក្សផ្សេងៗគ្នា នាអំឡុងពេលបោះឆ្នោតកន្លងទៅនោះ សូមបង្កើនការផ្សះផ្សាររាប់អានគ្នា មានសាមគ្គីភាពជាមួយគ្នា និងគោរពការដឹកនាំ ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ដែលឈ្នះឆ្នោតដាច់ ឬមានសំឡេងភាគច្រើន។ សម្ដេចក៏ស្នើក្រុមប្រឹក្សាឃុំ សង្កាត់ដែលឈ្នះឆ្នោតខិតខំរួមគ្នាបំពេញភារកិច្ចបំរើប្រជាពលរដ្ឋដោយគ្មានការរើសអើង មិនត្រូវផ្លែផ្កាឱ្យអ្នកចាញ់ ឬក្រុមសំឡេងភាគតិច ប៉ុន្តែរួមសាមគ្គីគ្នាក្នុងនាមជាខ្មែរដូចគ្នា។

ពាក់ព័ន្ធនឹងការចោទប្រកាន់ថា មានការលួចសន្លឹកឆ្នោតនេះ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានដាក់ពាក្យប្តឹងលោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងស្នើឲ្យធ្វើលិខិតសុំទោសជាសាធារណៈ។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា ក៏បានសម្រេចប្តឹងលោក សុន ឆ័យ ផងដែរ ពាក់ព័ន្ធការចោទ និងបំភ្លៃជុំវិញដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ដោយស្នើសុំឲ្យផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ៤ពាន់លានរៀល ឬស្មើនឹង ១លានដុល្លារអាមេរិក៕