(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋជិត៤០ខ្នង និងបានបំផ្លាញសម្ភារៈអស់ទាំងស្រុង។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ កើតឡើងនៅវេលាម៉ោង ៤៖១០នាទីល្ងាច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចម្តុំជិតច្រាំងបាក់ ផ្លូវលំ ភូមិដើមចាន់ ក្រុម០៤ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅម្តុំជិតច្រាំងបាក់ ដែលនៅក្នុងសង្កាត់ច្បារអំពៅទី២ ភ្លាមៗនោះ លោកក៏បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គ្រប់គោលដៅទាំងអស់ ដើម្បីចេញជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបន្តថា ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញលំបាកក្នុងការជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា ដោយសារតែផ្លូវតូចចង្អៀត ពិបាកក្នុងការឲ្យរថយន្តពន្លត់អគ្គិភ័យចូលបានច្រើន ហើយអណ្ដាតភ្លើងឆាបឆេះលឿនយ៉ាងសន្ធោសន្ធៅ រាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាង។ តែទោះបីជាយ៉ាងណា ក៏កម្លាំងជំនាញនៅតែប្រឹងប្រែងជួយអន្តរាគមន៍ជានិច្ច ដើម្បីកុំឲ្យមានមារឆ្លងរាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋថែមទៀត។

នាយការិយាល័យរូបនេះ បញ្ជាក់ថា នៅក្នុងរង្វង់ប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២៣គ្រឿង ប្រើប្រាស់ទឹកអស់២៣ឡាន ស្មើនឹង៩២ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន៤ឡាន ប្រើប្រាស់ទឹកអស់៤ឡាន ស្មើនឹង ១៦ម៉ែត្រគូប, រថយន្តកងពលតូចលេខ៧០ ចំនួន៥គ្រឿង មិនបានប្រេីប្រាស់ទឹក, រថយន្តសាលាខណ្ឌច្បារអំពៅ ចំនួន១គ្រឿង ប្រើប្រាស់ទឹក៣ឡាន ស្មើនឹង២៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន ស្មើនឹង១២ម៉ែត្រគូប, រថយន្តរបស់ទីក្រុងនរា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៦ម៉ែត្រគូប, រថយន្តបុរី ប៉េង ហួត បឹងស្នោ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន ស្មើនឹង១២ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះផ្ទះ និងសម្ភារៈខូចខាតអស់ទាំងស្រុង ដែលមានទំហំ (៣ម៉ែត្រ គុណ៤ម៉ែត្រ) សាងសង់អំពីថ្មឈើប្រក់ស័ង្កសី។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺដោយសារតែមានអ្នកដុតផ្ទះ។

នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាខណ្ឌ បានចុះសាកសួរសុខទុក្ខ និងនាំយអំណោយមនុស្សធម៌ ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារអគ្គីភ័យចំនួន ៣៧ខ្នងផ្ទះ ស្មេីនឹង៤៣គ្រួសារ។

ថ្លែងក្នុងឱកាសនោះ លោក ចេង មុនីរ៉ា បាននាំនូវការចូលរួមសោកស្តាយពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះ និងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តាជីវភាពគ្រួសារឡើងវិញ ព្រមទាំងសូមអំពាវនាវ ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ។

លោកក៏បានគូសបញ្ជាក់ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ត្រីខ១យួរ, បាឡុង១សម្រាប់ ដែលជាទេយ្យទានរបស់វត្តនៅក្នុងខណ្ឌច្បារអំពៅ និងថវិកាចំនួន១០មុឺនរៀល៕