(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ អមដោយពីធីបើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។

សិក្ខាសាលានេះធ្វើឡើងនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកស្រី កែវ ដាណា អភិបាលរងខេត្តបាត់ដំបង ដោយមានការចូលរួមពីលោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធាលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោងហូកា លោកប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង តំណាងមន្ទីរ/អង្គភាពជុំវិញខេត្ត អាជីវករសេវាកម្មភោជនីយដ្ឋាន/អាហារដ្ឋាន និងសិស្ស-និស្សិតសរុបចំនួន១២៥រូប។

លោកស្រី កែវ ដាណា បានឲ្យដឹងថា ខេត្តបាត់ដំបងជាគោលដៅទេសចរណ៍ទី២ បន្ទាប់ពីខេត្តសៀមរាប ភ្នំពេញ និងព្រះសីហនុ ហើយកន្លងមករដ្ឋបាលខេត្ត ដែលមានមន្ទីរទេសចរណ៍ជាសេនាធិការបានខិតខំរៀបចំអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលរហូតមកដល់បច្ចុប្បន្ននេះខេត្តបាត់ដំបងមានរមណីយដ្ឋាន និងគោលដៅទេសចរណ៍សរុបចំនួន១១១ ទីតាំងដែលជាប្រភពធនធានទេសចរណ៍វប្បធម ប្រវត្តិសាស្ត្រ ធម្មជាតិ និងសហគមន៍ទេសចរណ៍ ដោយបានផ្តល់ការការកម្សាន្តលម្ហែ និងការយល់ដឹងថ្មីៗដល់ភ្ញៀវទេសចរ។

លោកស្រីបានបន្តថា កន្លងមកខេត្តបាត់ដំបងមានមោទនភាពដែលបានក្លាយជាខេត្តគោលដៅដែលមានភ្ញៀវទេសចរមកទស្សនាកម្សាន្តច្រើនជាងគេ នៅអំឡុងថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងមកនេះ ហើយរដ្ឋបាលខេត្តកំពុងពង្រឹងគុណភាពសេវាកម្មទេសចរណ៍បន្ថែមទៀតតាមរយៈការអនុវត្តនូវស្តង់ដាទេសចរណ៍ និងបទដ្ឋាននានាដែលក្រសួងទេសចរណ៍បានចុះ។

លោក ជួប រតនា បានគូសបញ្ជាក់ថា ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលដើម្បីបើកប្រទេសឡើងវិញលើគ្រប់វិស័យ ចរន្តភ្ញៀវទេសចក្នុងស្រុកមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ដោយក្នុងនោះទេសចរប្រមាណជាង៣០ម៉ឺននាក់បានដើរកម្សាន្តជារៀងរាល់សប្តាហ៍ ដូច្នេះការបន្តពង្រឹងអនុវត្តវិធានសុវត្ថិភាពទេសចរណ៍មិនត្រឹមតែជួយកាត់បន្ថយការរីករាលដាននៃជំងឺឆ្លងកូវីដ-១៩នោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការការពង្រឹងគុណភាពសេវាកម្ម និងមូលដ្ឋានអាជីវកម្មផ្ទាល់តែម្តង។

ភ្ជាប់ជាមួយការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាខាងលើ គម្រោង ស្តារឡើងវិញសហគ្រាសក្នុងវិស័យកសិ-អាហារ និងទេសចរណ៍ (AFTER) របស់អង្គការ UNIDO ក៏បានយកចិត្តទុកដាក់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា លើជំនាញសេវាកម្មម្ហូបអាហារ (Food and Beverage Services) ដល់អ្នកគ្រប់គ្រង និងបុគ្គលិកចំនួន២០រូប ដោយផ្តោតសំខាន់លើជំនាញរួមមាន៖ (១) ការងាររបស់ខ្ញុំក្នុងផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ (២) ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច (៣) ប្រណីតភាពសេវាកម្ម (៤) សម្ភារបរិក្ខារនៅក្នុងភោជនីយដ្ឋាន (៥) ចំណេះដឹងលើបញ្ជីមុខម្ហូប (៦) ចំណេះដឹងលើភេសជ្ជៈ (៧) ជំនាញលក់ (៨) ជំនាញផ្តល់សេវាកម្ម (៩) សេវាកម្មភេសជ្ជៈ (១០) លំដាប់លំដោយក្នុងការផ្តល់សេវាកម្មនៅក្នុងភោជនីយដ្ឋាន (១១) នីតិវិធីក្នុងភោជនីយដ្ឋាន និង(១២) អនាម័យ សន្តិសុខ និងសុវត្ថិភាព។

វគ្គបណ្តុះបណ្តាលខាងលើមានរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី២០-២៦ ខែមិថុនា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន BS Restaurant ខេត្តបាត់ដំបង ហើយបង្រៀនដោយគ្រូបង្គោលអាស៊ាន ដែលមានចំណេះនិងជំនាញច្បាស់លាស់ ដោយក្នុងនោះសិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពក្រោយការបណ្តុះបណ្តាលដោយក្រសួងទេសចរណ៍។

សូមជម្រាបថា សិក្ខាសាលានេះទទួលបានការគាំទ្រពីគម្រោងស្តារឡើងវិញសហគ្រាសក្នុងវិស័យកសិ-អាហារ និងទេសចរណ៍ (AFTER) របស់អង្គការ UNIDO និងការគាំទ្រថវិកាដោយទីភ្នាក់ងាស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) ដែលបានអនុវត្តក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង៕