(ក្រចេះ)៖ បន្ទាប់ពីមានការយល់ពីអត្ថប្រយោជន៍នៃសត្វព្រៃ និងការប្រឈមមុខនឹងផ្លូវច្បាប់ជុំវិញយកសត្វព្រៃមកធ្វើអាជីវកម្ម យ៉ាងហោចណាស់មានម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន១០ទីតាំង នៅក្នុងខេត្តចំនួន២សំបូរ នៃដែនជម្រកសត្វព្រៃ បានប្រកាសស្ម័គ្រចិត្តបញ្ឈប់ការយកសាច់សត្វព្រៃសម្រាប់ធ្វើម្ហូបជូនភ្ញៀវបរិភោគ ដើម្បីបញ្ជាក់ពីការចូលរួមអភិរក្ស និងស្តារឡើងវិញនូវពពួកសត្វព្រៃនៅកម្ពុជា ខណៈប្រភេទខ្លះស្ទើរតែបាត់ពូជនៅលើផែនដីទៅហើយ។

បើតាមការលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីយុទ្ធនាការអន្ទាក់សូន្យ នៅខេត្ដក្រចេះ នាពេលថ្មីនេះ ថាភោជនីយដ្ឋាន និងអាហារដ្ឋានទាំង១០នោះ រួមមាននៅខេត្តព្រះវិហារចំនួន ៥កន្លែង និងនៅខេត្តក្រចេះចំនួន ៥កន្លែង។

ជាមួយនឹងការប្តេជ្ញាចិត្តមិនយកសាច់សត្វព្រៃសម្រាប់ធ្វើមុខម្ហូបជូនភ្ញៀវបរិភោគនេះ លោក នេត្រ ភក្ត្រា បានសម្តែងក្តីរីករាយ និងបង្ហាញពីមោទនភាព ដែលបានឃើញការចូលរួមរបស់អាជីវករ ជាពិសេសម្ចាស់ភោជនីយដ្ឋាន ដែលស្ម័គ្រចិត្ដបញ្ឈប់លក់សាច់សត្វព្រៃបន្តទៅទៀត ព្រមទាំងបានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានផ្សេងទៀត ចូលរួមបញ្ឈប់រាល់ការលក់ដូរសាច់សត្វព្រៃគ្រប់ប្រភេទ ដើម្បីថែរក្សាជីវៈចម្រុះ និងសត្វព្រៃនៅក្នុងប្រទេសកម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស ដើម្បីទុកសម្រាប់ទាក់ទាញវិស័យអេកូទេសចរណ៍ និងទុកសម្រាប់មនុស្សជំនាន់ក្រោយៗទៀតបានស្គាល់។

ក្នុងឱកាសចូលរួមផ្សព្វផ្សាយនូវយុទ្ធនាការស្តីពីអន្ទាក់សូន្យនៅខេត្ដក្រចេះ កាលពីចុងសប្តាហ៍កន្លងទៅនេះ តំណាងភោជនីយដ្ឋានទាំង៥ នៅក្រុងក្រចេះ ដែលភោជនីយដ្ឋានឧត្តមសម្បត្តិ, ភោជនីយដ្ឋាន Rural Stay, ភោជនីយដ្ឋានហេង ហេង, ភោជនីយដ្ឋានផ្កាយមាស, ភោជនីយដ្ឋានស្រីទូចគោដុត បានឡើងប្តេជ្ញាថា មិនលក់មុខម្ហូប ដែលធ្វើពីសាច់សត្វព្រៃជាដាច់ខាត។

បន្ថែមពីនេះ លោក ថាច់ មេត្រី តំណាងអង្គការ រីខូហ្វ (RECOFTC) បានសម្តែងនូវការគាំទ្រ ដោយលោកលើកឡើងថា ការបញ្ឈប់ការបរបាញ់ ការដាក់អន្ទាក់ និងការបរិភោគសាច់សត្វព្រៃ គឺផ្ដើមចេញពីខ្លួនឯងជាមុនសិន។ លោកថ្លែងថា សាច់សត្វព្រៃមិនមែនជាឱសថបូរាណ និងមានរសជាតិឆ្ងាញ់នោះទេ ផ្ទុយទៅវិញសត្វសាច់ព្រៃអាចនាំមកនូវមេរោគដែលបង្កជាជំងឺរាតត្បាតផ្សេងៗ។

លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWFហៅកាត់ កម្ពុជា បានថ្លែងថា គេចាំបាច់ត្រូវអនុវត្តវិធានការរួមគ្នាបន្ទាន់ដើម្បីបញ្ឈប់តម្រូវការសាច់សត្វព្រៃ និងផលិតផលពីសត្វព្រៃគ្រប់ប្រភេទដោយដាក់ចេញនូវបម្រាមចំពោះរាល់ការទិញ លក់ ដឹកជញ្ជូន និងបរិភោគសត្វព្រៃ ដើម្បីបញ្ចប់ការជួញដូរសត្វព្រៃគ្រប់ទម្រង់ និងជួយសង្គ្រោះសត្វព្រៃដែលជាបេតិកភណ្ឌធម្មជាតិកម្ពុជាឲ្យចៀសផុតពីការផុតពូជនាពេលអនាគត។

ដូចគ្នានេះ លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការ Wild Earth Allies Cambodia បានលើកឡើងថា ពិតណាស់អន្ទាក់ត្រូវបានចាត់ទុកថាជាកត្តាគម្រាមមួយក្នុងចំណោមកត្តាគម្រាមធំៗផ្សេងទៀតចំពោះសត្វព្រៃ ខណៈតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន អ្នកវិទ្យាសាស្រ្តបានបង្ហាញថា កម្ពុជាជាទីជម្រកដ៏សំខាន់នៃប្រភេទសកលដែលកំពុងទទួលការគម្រាមកំហែងរួមមាន៖ ដំរីអាស៊ី ខ្លា ខ្ទីង ទន្សោង ខ្លាឃ្មុំ ទោច ប្រើស ជាដើម។ ក៏ប៉ុន្តែធនធានជីវៈចម្រុះរបស់ប្រទេសកម្ពុជាកំពុងស្ថិតក្រោមសម្ពាធនៃការគម្រាមកំហែង។

ជាមួយនឹងការយល់ដឹងពីអត្ថប្រយោជន៍សត្វព្រៃនានា ដែលមានវត្តមាននៅកម្ពុជា, បណ្តាយុវសិស្ស ដែលកំពុងសិក្សានៅវិទ្យាល័យ ហ៊ុន សែន ក្រចេះ បានថ្លែងថា ក្នុងនាមជាយុវជនពួកគេនឹងប្តេជ្ញាចូលអភិរក្សធនធានធម្មជាតិ ព្រមទាំងសត្វព្រៃឱ្យបានគង់វង្ស ជាពិសេសពួកគេនឹងមិនបរិភោគជាដាក់ខាត់ចំពោះមុខម្ហូបណាដែលចម្អិនពីសាច់សត្វព្រៃ។

បន្ថែមពីនេះ ពួកគេនឹងផ្សព្វផ្សាយពីគុណសម្បត្តិដ៏មហាសាលរបស់សត្វព្រៃដល់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដែល់ខ្លួនបានស្គាល់ឱ្យយល់ពីតម្លៃរបស់វត្តមានសត្វព្រៃ ដែលកំពុងតែរស់នៅរាយបាយក្នុងដែនជម្រកសត្វព្រៃនានារបស់កម្ពុជា ខណៈវត្តមានសត្វព្រៃនេះបានចូលរួមយ៉ាងខ្លាំងក្នុងការពង្រីកសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះតាមរយៈការនាំភ្ញៀវទេសនាសត្វព្រៃ ការធ្វើម្ហូបឱ្យភ្ញៀវបរិភោគ ផ្ទះស្នាក់ ការផ្តល់ជូនសេវាកម្មផ្សេងៗ។ល។

សូមបញ្ជក់ថា ក្រសួងបរិស្ថាន និងអង្គការអន្តរជាតិដៃគូ បានបើកយុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីសង្រ្គោះជីវិតសត្វព្រៃដែលកំពុងប្រឈមនឹងការវិនាសផុតពូជ។ យុទ្ធនាការនេះធ្វើឡើងនៅខេត្តនៃតំបន់ការពារធម្មជាតិរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំ ដើម្បីផ្សព្វផ្សាយ និងអប់រំអំពីផលប៉ះពាល់ដោយសារអន្ទាក់ទៅលើជីវិតសត្វ និងជីវិតមនុស្ស អំពីការអនុវត្តន៍ច្បាប់ ការផ្លាស់ប្តូរឥរិយាបថពលរដ្ឋឱ្យបង្កើនការប្រតិបត្តិមេត្រីបរិស្ថាន ស្រឡាញ់សត្វព្រៃជីវៈចម្រុះ និងការលុបបំបាត់ការបរបាញ់សត្វ ការដាក់អន្ទាក់ខុសច្បាប់ និងការលុបបំបាក់ការជួញដូរសាច់សត្វព្រៃ៕