(ភ្នំពេញ)៖ ទិវាលោកឪពុក គឺជាទំនៀមទំលាប់ប្រពៃណីរបស់ប្រជាជនអាមេរិក ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃអាទិត្យទីបី នៃខែមិថុនា ដែលប្រជាជនអាមេរិកតែងតែ ចំណាយថវិកាសរុបជាង១ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ សម្រាប់ការទិញអំណោយ ជូនលោកឪពុកជាទីស្រលាញ់របស់ខ្លួន ដើម្បីបង្ហាញពីការដឹងគុណចំពោះ ការលះបង់របស់ឪពុក។ កាលពីម្សិលមិញ ប្រជាជនកម្ពុជាជាច្រើននាក់ នៅលើបណ្ដាញសង្គមបានបង្ហោះសារដ៏កក់ក្ដៅ និងពោរពេញដោយក្តីស្រលាញ់ ដើម្បីរំលឹកគុណឪពុក។ អ្នកខ្លះជូនអំណោយដល់គាត់ អ្នកខ្លះជូនថវិកា អ្នកខ្លះទៀតជូនគាត់ទៅពិសារអាហារពេលល្ងាច។

ទិវាឪពុកនេះ ត្រូវបានគេប្រារព្ធធ្វើឡើងតាំងពីឆ្នាំ១៩០៨ នៅពេលដែលព្រះវិហារមួយនៅរដ្ឋ West Virginia បានប្រារព្ធពិធីមួយដើម្បីជាការចងចាំបុរសចំនួន៣៦២នាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅខែធ្នូ ឆ្នាំ១៩០៨ នៅក្នុងការផ្ទុះអណ្តូងរ៉ែធ្យូងថ្មរបស់ក្រុមហ៊ុន Fairmont Coal Company។ នៅឆ្នាំ ១៩០៩ លោកស្រី Sonora Smart Dodd ដែលជាកូនស្រីរបស់បុរសម្នាក់ ក្នុងចំណោមបុរសរងគ្រោះទាំងនោះ បានចាប់ផ្តើមផ្សព្វផ្សាយនៅក្នុងសហគមន៍ ស្វែងរកឲ្យមានការគាំទ្រសម្រាប់ការប្រារព្ធទិវាឪពុកប្រចាំឆ្នាំ។ លោកស្រីបានទទួលជោគជ័យក្នុងកិច្ចការនេះ ហើយនៅឆ្នាំ១៩១០ រដ្ឋវ៉ាស៊ីនតោន បានទទួលស្គាល់ថ្ងៃនេះដំបូងគេ។

សម្រាប់ប្រទេសកម្ពុជា ថ្ងៃទី២០ ខែមិថុនា ជាថ្ងៃដ៏មានអត្ថន័យបំផុត ដើម្បីរំលឹកគុណបិតាជាតិ។ ថ្ងៃនេះ គឺជាថ្ងៃដែលមេបញ្ជាការកងវរសេនាតូចវ័យក្មេង អាយុ ២៥ឆ្នាំ មួយរូប ឈ្មោះ ហ៊ុន សែន បានប្រថុយជីវិត ដើម្បីស្វែងរកការសង្គ្រោះជាតិកម្ពុជាជូនប្រជាជន។ លោកបានប្រថុយអាយុជីវិតខ្លួនឯង និងលាចាកប្រពន្ធកូន ដោយប្រើប្រាស់បទពិសោធន៍យោធា ដើម្បីរៀបចំផែនការគេចខ្លួនក្នុងស្បៃរាត្រី ពីភូមិភាគបូព៌ាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅភូមិកោះថ្ម ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងបញ្ឈប់ការសម្លាប់រង្គាលប្រជាជន ដែលកំពុងបន្តកើតមាននៅក្នុងរបប ប៉ុលពត។

ការរត់គេចខ្លួនដោយជោគជ័យនេះ បាននាំទៅដល់ការរំដោះប្រទេសកម្ពុជានៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពីប្រជាជនបានរងទុក្ខវេទនាអស់រយៈពេលបីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ និងបន្ទាប់ពីប្រជាជនកម្ពុជា ជិតពីរលាននាក់ បានស្លាប់បាត់បង់ជីវិត។ សមមិត្ត ហ៊ុន សែន មិនត្រឹមតែរំដោះប្រជាជននោះទេ លោកបានកសាងមណ្ឌលកុមារកំព្រាទូទាំងប្រទេស សម្រាប់ដាក់ក្មេងកំព្រាទាំងឡាយ ដែលឪពុករបស់គេត្រូវបានសម្លាប់ និងកសាងសាលារៀនឡើងវិញរាប់រយខ្នង ក្រោយឆ្នាំ១៩៧៩។ ឥទ្ធិពលរបស់លោកមកលើជីវិតរស់នៅរបស់ក្មេងជំនាន់ក្រោយដែលបានកើតក្រោយរបបប្រល័យពូជសាសន៍ នៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ។

ចាប់តាំងពីឆ្នាំ១៩៧៩ ប្រទេសកម្ពុជាមានកំណើនប្រជាជនយ៉ាងឆាប់រហ័ស ហើយប្រជាជន ដែលបានកើតក្រោយឆ្នាំ១៩៧៩ មាន៧០%នៃប្រជាជនទាំងមូល។ ប្រជាជនទាំងនេះ បានស្គាល់នូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ សន្តិភាព សុភមង្គលក្នុងគ្រួសារ និងភាពសំបូរសប្បាយក្នុងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំដោយផ្ទាល់របស់សម្តេច ហ៊ុន សែន ទាំងស្រុង។ បច្ចុប្បន្ន កម្ពុជាកំពុងធ្វើដំណើរលើវិថីដ៏ត្រឹមត្រូវមួយ ឆ្ពោះទៅរកប្រទេសដែលមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០៣០។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាបិតានៃប្រជាជនកម្ពុជាសម័យទំនើបពិតប្រាកដ ជាពិសេសសម្រាប់ប្រជាជន ដែលបានកើតក្រោយរបបប្រល័យពូជសាសន៍ប៉ុលពត។ ប្រសិនបើគ្មានការលះបង់ និងវីរភាពរបស់សម្តេច នៅថ្ងៃទី២០ ខែមិថុនានោះទេ ក្មេងជំនាន់ក្រោយតិចណាស់ដែលអាចចាប់កំណើត ធំធាត់ និងរស់នៅដោយសប្បាយរីករាយ ហើយមានឱកាសសម្រេចនូវសក្តានុពលពេញលេញរបស់ខ្លួន នៅថ្ងៃនេះឡើយ។ ពិតណាស់ ការរីកចំរើនមិនទាន់មានភាពសមភាពទាំងស្រុង ប៉ុន្តែប្រជាជនទាំងអស់នឹងទទួលបាននូវផលនៃការរីកចំរើននេះក្នុងពេលដ៏ខ្លី។

លើសពីនេះ ថ្ងៃទី២០ ខែមិថុនា គួរតែជាថ្ងៃដែលកូនខ្មែរទាំងអស់ គោរព និងបង្ហាញក្តីស្រលាញ់ចំពោះលោកឪពុកទាំងអស់ ដែលបានចិញ្ចឹមបីបាច់ថែរក្សាកូនៗ៕
បណ្ឌិត អេង កុកថាយ
នាយកវិទ្យាស្ថានកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍