(ត្បូងឃ្មុំ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ បានលើកឡើងថា វត្តមានកងទ័ពរបស់វៀតណាម ដែលចូលមកជួយរំដោះប្រជាជនកម្ពុជា កាលពី៤៥ឆ្នាំមុន ជារឿងត្រឹមត្រូវ ដែលកាត់ក្ដីដោយតុលាការកូនកាត់ចំពោះបនប្រល័យពូជសាសន៍ ប៉ុល ពត ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។

ថ្លែងចេញពីតំបន់ X-16 ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កន្លែងដែលសម្ដេចតេជោ ហ៊ុន សែន ធ្វើដំណើរទៅស្វែងការជួយអន្ដរាគមន៍ពីភាគីវៀតណាមនោះ សម្ដេចបានគូសបញ្ជាក់ថា នៅពេលនេះវៀតណាម បានទទួលយុត្តិធម៌ ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈជោគជ័យ នៃការកាត់ទោសខ្មែរក្រហម។

ការបញ្ជាក់បែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ហាក់ដូចជាការឆ្លើយតបជាថ្មីម្ដងទៀតទៅកាន់មតិរិះគន់ ចំពោះការស្វែងកិច្ចអន្ដរាគមន៍ពីកងទ័ពវៀតណាម ដើម្បីឲ្យមករំដោះជាតិ និងប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ពួកគាត់បានចាត់ទុកថា ការសម្រេចចិត្តរបស់សម្ដេចបែបនេះ ហាក់ដូចជាផ្ដល់ឱកាសឲ្យកងទ័ពវៀតណាម មកសម្លាប់ខ្មែរ។

ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន មិនគិតដូច្នេះឡើយ សម្ដេចបានគិតថា បើសម្ដេចមិនបានស្វែងរកកិច្ចអន្ដរាគមន៍ពីវៀតណាមទេនោះ ម្ល៉េះកម្ពុជាពេលនេះមិនដឹងថា មានស្ថានភាពបែបណានោះទេ ហើយបើមិនឲ្យសម្ដេចរត់ទៅរកវៀតណាមឲ្យជួយ តើមានបរទេសណាមកជួយ បើសូម្បីតែអង្គការសហប្រជាជាតិក៏ទទួលស្គាល់ខ្មែរក្រហម និងមានទំនាក់ទំនងជាមួយគ្នាដែរនោះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប្រវត្តិសាស្ដ្រក៏បានកត់ត្រាទុក អំពីអន្ដរាគមន៍របស់កងទ័ពវៀតណាម ដើម្បីសង្គ្រោះប្រជាជនប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយចង់ដឹងថា តើកងទ័ពវៀតណាម ធ្វើអន្ដរាគមន៍សង្គ្រោះប្រជាជនកម្ពុជា ខុសឬត្រូវ ត្រូវទៅសួរតុលាការកូនកាត់អង្គការសហប្រជាជាតិ និងកម្ពុជា។ តើសាលក្រមតុលាការកាត់ទោសប៉ុល ពត មានន័យដូចម្ដេច? នេះជាការទទួលស្គាល់ដោយអង្គការសហប្រជាជាតិតែម្ដងថា ទង្វើរបស់វៀតណាម ត្រឹមត្រូវ បើទង្វើរបស់វៀតណាមមិនត្រឹមត្រូវ មិនចាំបាច់កាត់ទោស ពួកខ្មែរក្រហមធ្វើអី»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានយកជីវិតធ្វើដើមទុនដើម្បីដំណោះប្រទេស និងប្រជាជនពីរបបវាលពិឃាតនោះ បានអះអាងទៀតថា មនុស្សមួយចំនួនបានចោទថា សម្ដេចជាអ្នកទៅដឹកដៃកងទ័ពវៀតណាម ឲ្យមកសម្លាប់ប្រជាជនកម្ពុជា។ តែសម្ដេចបានចោទសួរត្រឡប់ទៅវិញថា តើមានមនុស្សប៉ុន្មានដែលស្លាប់ដោយកងទ័ពវៀតណាម ឬក៏ចាប់ផ្ដើមពីប្រជាជនប្រមាណជាង៥លាននាក់ ឥលូវប្រជាជនកម្ពុជាមានទៅដល់១៧លាននាក់ ក្នុងរយៈពេល៤៣ឆ្នាំ នៃការរំដោះប្រជាជនកម្ពុជា កើនឡើងដល់១២លាននាក់។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីការចោទប្រកាន់របស់មតិមួយចំនួនថា សម្ដេចមានទោសឧក្រិដ្ឋ ដែលទៅនាំកងទ័ពវៀតណាមចូលកម្ពុជា ឥលូវសម្ដេចបង្វែរឲ្យទៅសួរអង្គការសហប្រជាជាតិតែម្ដង ហេតុអ្វីចាំបាច់ត្រូវកាត់ទោសខ្មែរក្រហម? ខណៈតុលាការកូនកាត់មួយនេះ មិនមែនបង្កើតឡើងដោយក្រុមណាមួយនោះទេ គឺក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិតែម្ដង ដែលបានកាត់សេចក្ដីទៅលើសំណុំរឿងមួយនេះ ហើយកាត់ឲ្យពួកខ្មែរក្រហម មានទោសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

សូមជម្រាបថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ គឺជាខួបទី៤៥ហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូប បានរួមគ្នាយកជីវិតធ្វើជាដើមទុន ចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ខ្មែរ ប៉ុល ពត និងបក្ខពួក។

កម្ពុជា និងវៀតណាមរួមគ្នា ប្រារព្ធពិធីដ៏មហោឡារិក ដើម្បីអបអរសាទរ និងរំលឹកដល់ដំណើរតស៊ូដ៏អង់អាចក្លាហានក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជាកាលពី ៤៥ឆ្នាំមុននេះ។ ពិធីធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម នៅព្រំដែនកម្ពុជា និងវៀតណាម តំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំងសម្តេចតេជោ និងយុទ្ធមិត្ត បានឆ្លងទៅកាន់ប្រទេសវៀតណាមទាំងកណ្តាលអាធ្រាត្រកាលពី ៤៥ឆ្នាំមុននោះ៕