(ត្បូងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចបានចុះហត្ថលេខា ដោយបង្កក់ដីនៅតំបន់ X16 ជាង១,១៧៦ហិចតា ដើម្បីធ្វើជាតំបន់ពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញ។

ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញេះជាអធិបតីភាពប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា និងវៀតណាម តំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលដៅរបស់សម្តេច គឺកែប្រែតំបន់ព្រំដែនកម្ពុជា-វៀតណាម ទៅជាតំបន់សន្តិភាព ព្រំដែនមិត្តភាព ព្រំដែនសហប្រតិប្តិតការ និងការអភិវឌ្ឍ។ បន្ថែមពីនេះ សម្តេច និងនាយករដ្ឋមន្ត្រី វៀតណាម មានបង្កើតព្រំដែនអន្តរជាតិ នៅតំបន់ X16 នាពេលអនាគត ក្នុងពេលសមស្របណាមួយផងដែរ។

ជាមួយគ្នានេះដែរ សម្តចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា ថ្ងៃអនាគតតំបន់ប្រវត្តិសាស្ត្រ X16 នេះនឹងក្លាយទៅជាតំបន់ផ្លាស់ប្តូរសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា-វៀតណាម។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានចេញាសេក្តីសម្រេចតាមរយៈការស្នើសុំរបស់នាយឧត្តមសេនីយ៍ សៅ សុខា និងការស្នើរបស់ឯកឧត្តម ជា សុផារ៉ា បានសេចក្តីថាយើងត្រូវបង្កក់ដីចំនួន ១,១៧៦ហិចតា ដើម្បីបម្រុងទុក ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់រោងចក្រ ឬថ្ងៃក្រោយតំបន់នេះអាចក្លាយជាតំបន់ផ្លាស់ប្តូរទំនិញដ៏ល្អ ព្រោះតំបន់នេះនៅជិតកំពង់ផែសមុទ្ររបស់វៀតណាម...! ឬក្លាយជាតំបន់កែច្នៃ ព្រោះកសិផលរបស់កម្ពុជា នៅតំបន់នេះ និងតំបន់ឥសាន មានច្រើន»

បន្ថែមពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំដល់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចាប់ផ្តើមពង្រីកផ្លូវតំបន់ X16 យ៉ាងយូរនៅឆ្នាំ២០២៣ ឬឆ្នាំ២០២៤ ដើម្បីតភ្ជាប់ពីផ្លូវជាតិ ឬផ្លូវសំខាន់ផ្សេងៗទៀត ឱ្យមានទំហំប៉ុនផ្លូវជាតិលេខ៧។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ត្រូវរក្សាដីជាង១ពាន់ហិចតានេះ គឺធ្វើយ៉ាងណាគ្រប់គ្រងឱ្យបានល្អ ដើម្បីទាក់ទាញវិនិយោគិននានា ចូលមកអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេស បន្ថែមពីនេះ ត្រូវពិនិត្យលើប្រព័ន្ធសេវាទូរស័ព្ទ ទឹក ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីតភ្ជាប់មកកាន់តំបន់ X16 នេជាដើម ដើម្បីផ្តល់ភាពងាយស្រួលការវិនិយោគ៕