(អាមេរិក)៖ នៅក្នុងយុទ្ធនាការបោះឆ្នោត រហូតមកដល់ពេលនេះ បេក្ខភាពប្រធានាធិបតីអាមេរិក ដែលកំពុងមាន​ប្រជា​ប្រិយភាព លោក Donald Trump បានបោកប្រាស់​អ្នកគាំទ្រ ក៏ដូចជាពលរដ្ឋអាមេរិក ពាក់ព័ន្ធនឹងរឿងលោក​ធ្វើ​ពហិការជាមួយក្រុមហ៊ុន Apple។

ថ្មីៗនេះ មានប្រភពច្បាស់ការមួយបានទម្លាយឲ្យដឹងថា លោក Trump មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Apple ដែលគិត​ជាទឹកប្រាក់​ចន្លោះពី១ ទៅ២,២លានដុល្លារអាមេរិក ដូច្នេះមានន័យថា បេក្ខភាពប្រធានាធិបតីរូបនេះ មានបោកប្រាស់ មហាជន នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

កាលពីខែមករាកន្លងទៅនេះ លោក Trump បានប្រកាសថា បើសិនជាលោកជាប់ឆ្នោតលោកនឹង​តំឡើងថ្លៃពន្ធ​រហូតដល់ ៣៥ភាគរយ ទៅ​លើ​ក្រុមហ៊ុនណា ដែលផលិតនូវផលិតផលរបស់ខ្លួននៅក្រៅប្រទេស ជាពិសេសគឺក្រុមហ៊ុន Apple ដែលបច្ចុប្បន្នកំពុងតែជួលក្រុមហ៊ុនចិន ឲ្យផលិតនូវផលិតផលរបស់ខ្លួន។

ក្រោយមកទៀត នៅពេល FBI បានស្នើឲ្យ Apple ធ្វើការ Unlock ទូរស័ព្ទ iPhone 5C របស់មេជួញដូរគ្រឿងញៀន និង​ជាភេរវករផងនោះ លោក Trump បានប្រកាសថា លោកធ្វើ​ពហិការជាមួយនឹងក្រុមហ៊ុន Apple ព្រោះតែក្រុមហ៊ុន​មួយនេះ មិនព្រមដោះកូដ តាមការស្នើរបស់ FBI។

ទាំងនេះគឺការឆបោកដ៏ធំបំផុត ដែលលោក Trump បានបោកប្រាស់ដល់ពលរដ្ឋអាមេរិក និងពិភពលោក ខណៈដែល​លោក​មានភាគហ៊ុននៅក្នុងក្រុមហ៊ុន ដែលគិតជាទឹកប្រាក់១ ទៅ២,២លានដុល្លារអាមេរិក៕