(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការ បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន និងខ្លះពាក់ព័ន្ធនឹងទទួលផលចោរកម្ម ជិត១០នាក់ រហូតមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ។

សម្រាប់ខណ្ឌជ្រោយចង្វារ លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលខណ្ឌជ្រោយចង្វារ បានឲ្យភ្នាក់ងារ Fresh News ឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌសហការ និងកម្លាំងល្បាតរបស់នគរបាលមូលដ្ឋានប៉ុស្ដិ៍ជ្រោយចង្វារ បានឈានដល់ការឃាត់ខ្លួន ជនជួញដូរគ្រឿងញៀន៣នាក់​​ ជាបន្តបន្ទាប់ដោយបានដកហូតថ្នាំញៀនចំនួន២កញ្ចប់ធំ និងម៉ូតូ១គ្រឿង នៅត្រង់ចំណុចទល់មុខវត្តគៀនឃ្លាំង តាមបណ្ដោយ ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

លោកវរសេនីយ៍ត្រី ឯក សេរីវុធ បានបញ្ជាក់ថា ជំហ៊ានដំបូងកម្លាំង ល្បាតរបស់នគរបាលខណ្ឌ មានការចូលរួមសហការពីកម្លាំងនគរបាលប៉ុស្ដិ៍ បានដាក់ការសង្ស័យទៅលើយុវជន២នាក់ ជិះបើកម៉ូតូ១គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៦ មកដល់ទល់មុខវត្តគៀនឃ្លាំង សមត្ថកិច្ចក៏ឃាត់ឆែកឆេររកឃើញថ្នាំញៀន ជាប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ធំ ដែលជននេះបានរក្សាទុកធ្វើសកម្មភាពជួញដូរ ព្រមទាំងដកហូតម៉ូតូម៉ាកសង់C១២៥ ពណ៍ខ្មៅ១គ្រឿង ដែលជនសង្ស័យទាំងនោះបានជិះធ្វើសកម្មភាព។

លោកវរសេនីយ៍ត្រី ឯក សេរីវុធ បានបន្តថា ក្រោយឃាត់ ខ្លួនជនត្រូវជាប់សង្ស័យជួញដូរនូវសារធាតុញៀនទាំង២នាក់ មកធ្វើការសាកសួរខណៈនោះ ជនសង្ស័យបានឆ្លើយសារ ភាពប្រាប់សមត្ថកិច្ចថា ចំពោះគ្រឿងញៀនចំនួន២កញ្ចប់ធំ នេះ ពួកគេបានយកលុយចំនួន៣០ម៉ឺនរៀល ពីមិត្តភ័ក្រម្នាក់ ទៀតដើម្បីទៅទិញថ្នាំញៀនទុកលក់។

ដោយឡែកបន្ទាប់ពីកម្លាំងសមត្ថកិច្ច ទទួលបានចម្លើយសារភាពពីជនសង្ស័យទាំង២នាក់រួចហើយនោះ ក៍បានបើកប្រតិបត្តិការសាជាថ្មីម្ដងទៀតដោយស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជាបក្ខពួកផងដែរ។

លោកវរសេនីយ៍ត្រី ឯក សេរីវុធ បានបន្តទៀតថា បច្ចុប្បន្នជនត្រូវជាប់សង្ស័យពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនរួមទាំងវត្ថុតាង ត្រូវបញ្ជូនទៅឃុំខ្លួនបណ្ដោះ អាស្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីបន្តនិតិវិធីចាត់ការតាមច្បាប់៕