(ព្រៃវែង)៖ លោក ស៊ឹម កា សមាជិកអចិន្ត្រៃយ៍គណៈកម្មធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅក្នុងពិធីរំលឹកឡើងវិញនូវមហា ឧក្រិដ្ឋកម្ម នៃរបបកម្ពុជាប្រជាធិប​តេយ្យប្រល័យ​ពូជសាសន៍ ប៉ុលពត ២០ ឧសភា នៅភូមិយាយម៉ៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងថា គណបក្ស ប្រជាជនកម្ពុជាបានកំណត់យកថ្ងៃ២០ ឧសភា ដើម្បីធ្វើទិវារំលឹកវិញ្ញាណក្ខន្ធ ដល់ជន ដែលបានបាត់បង់​យ៉ាងអយុត្តិធម៌ និងអណោចអធមបំផុត ដោយសារនយោបាយប្រល័យពូជសាសន៍ ដែលពុំធ្លាប់កើតមាននៅក្នុងប្រទេសកម្ពុជា។

លោកបានបន្តថា នៅក្នុងរបបនោះស្រុកកំចាយមារ ជាពិសេសក្នុងឃុំក្របៅ គឺជាមូលដ្ឋានបង្អែកយ៉ាងសំខាន់ របស់អ្នកចូលរួមធ្វើបដិវត្តន៍ និងមាន ប្រជាជនអ្នកស្នេហាជាតិជាច្រើន បានចូលរួមត​ស៊ូយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមយកជ័យជម្នះមកវិញ នេះជាការបង្ហាញឲ្យឃើញថា បើគ្មានប្រជាជនចូលរួមនោះទេ កម្ពុជាមិនមានថ្ងៃនេះដែរ ។

លោក ស៊ឹម កា បានបន្តទៀតថា ក្រោយទទួលពីការរំដោះមកគណបក្សប្រជាជនកម្ពុជា តស៊ូអភិវឌ្ឍន៍ ពីបាតដៃទទេរហូតមកដល់ពេលនេះកម្ពុជាមាន សមិទ្ធផលជាច្រើន ក្រោមការអភិវឌ្ឍន៍​ឥតឈប់ឈរ ដែលសមិទ្ធផលទាំងអស់នោះ គឺទាមទារឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មិនថានៅក្នុងស្រុក កំចាយមារ ប៉ុណ្ណោះទេ ជាពិសេសកិច្ចការពារសមិទ្ធផលនានា  ដែលបានកើតចេញ​ពីគណបក្សប្រជាជនកម្ពុជា ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំង មិនថានៅតាមខេត្ត-ក្រុង ឬនៅតាមមូលដ្ឋាននោះឡើយ។

នៅក្នុងកម្មវិធីនេះដែរលោក ស៊ឹម កា និងលោក វង សូត ក៏បានជួបសំណេះសំណាល និងសាកសួសុខទុក្ខ ជាមួយយុទ្ធមិត្តចំនួន២៧នាក់ ដែលធ្លាប់តស៊ូក្នុងរបបប្រល័យពូជសាសន៍ ក្រោយពីសំណេះ​សំណាលរួច លោកក៏បានឧបត្ថម្ភ ក្នុងម្នាក់ៗទទួលបានថវិការចំនួន១០០ដុល្លារ និងឃីតមួយកញ្ចប់។ ចំណែកប្រជាពលរដ្ឋចំនួនជាង៣០០នាក់ ដែលបានចូលរួមក្នុងកម្មវិធីនេះដែរ ក្នុងម្នាក់ៗទទួលបាន សារ៉ុង១ និងថវិកា ចំនួន១ម៉ឺនរៀលផងដែរ៕