(ភ្នំពេញ)៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលការថ្វាយគោរមងារនាមាភិធេយ្យ «អភិធជអគ្គមហាសទ្ធម្មជោតិកៈ» ពីក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្រោយប្រទេសដែលកាន់ព្រះពុទ្ធសាសនាថេរវាទដូចកម្ពុជាមួយនេះ មើលឃើញថាសម្តេចព្រះមហាសង្ឃរាជ មានស្នាព្រះហស្ត ក្នុងទំនាក់ទំនងសហប្រតិបត្តិការល្អ និងព្រះបូជនីយកិច្ចដ៏ថ្លៃថ្លា ដើម្បីព្រះពុទ្ធសាសនា ក៏ដូចជាជួយមួយផ្នែកដល់ការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។

ថ្វាយគោរមងារនាមាភិធេយ្យ «អភិធជអគ្គមហាសទ្ធម្មជោតិកៈ» ចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Thit Linn Ohn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ សម្តេចក្រឡាហោម ស ខេង និងឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា បានថ្វាយព្រះពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម ជូនជាតិ សាសនា និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕