(ស្វាយរៀង)៖ លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និង Sudirman Haseng ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា និងក្រុមការងារ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ បានចុះបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀតរវាងឥណ្ឌូនេស៊ី-កម្ពុជា ជាពិសេសធ្វើការវិនិយោគជាមួយ ខេត្តស្វាយរៀង។

លោកឧកញ៉ា សុក រ៉ាដូ បានឲ្យដឹងថា សភាពាណិជ្ជកម្មខេត្តស្វាយរៀង បានដឹកនាំក្រុមការងារស្ថានទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ចុះបំពេញទស្សនកិច្ចក៏ដូចជានាំអ្នកវិនិយោគឥណ្ឌូនេស៊ី មកបណ្ដាក់ទុន រកស៊ីនៅខេត្តស្វាយរៀងបន្ថែមទៀត។ ក្នុងនោះបានបំពេញទស្សនកិច្ចនៅរោងចក្រកង់ក្នុងតំបន់សេដ្ឋកិច្ច ពិសេសមេនហាធេន និងរោងចក្រផលិតគ្រឿងអគ្គិសនី ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ផ្សាររួចពន្ធ ព្រមទាំងចុះសិក្សាស្វែងយល់អំពីពាណិជ្ជកម្មព្រំដែនកម្ពុជា-វៀតណាម។

លោកបានបន្ថែមថា ក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុនរោងចក្រនិងស្ថានទូតឥណ្ឌូណេស៊ីក៏បានលើកឡើងចំណុចសំខាន់ៗ ពាក់ព័ន្ធទៅនិងវត្ថុធាតុដើម ការដំឡើងកង់និងផលិតគ្រឿងអគ្គិសនីព្រមទាំងទីផ្សារនាំចេញផងដែរ។ ជាមួយគ្នានេះ ទូតឥណ្ឌូណេស៊ី ក៏បានចុះសួរសុខទុក្ខជាមួយជនជាតិឥណ្ឌូនេស៊ីដែលកំពុងបម្រើការងារនៅតាមក្រុមហ៊ុនរោងចក្រ កាស៊ីណូមួយចំនួននៅក្រុងបាវិតផងដែរ។

លោក Sudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវការកោតសរសើរដល់សភាពាណិជ្ជកម្មខេត្តស្វាយរៀង អាជ្ញាធរដែនដីដែលបានផ្ដល់ឱកាសឲ្យស្ថានទូតឥណ្ឌូនេស៊ី ចុះសិក្សាស្វែងយល់អំពីវិស័យវិនិយោគនៅខេត្តស្វាយរៀងហើយក្នុងនាមលោកជាឯកអគ្គរាជទូត និងនាំអ្នកវិនិយោគឥណ្ឌូនេស៊ីមកបណ្ដាក់ទុនរកស៊ីនៅខេត្តស្វាយរៀង បន្ថែមទៀតដែលឆ្លុះបញ្ចាំងឲ្យឃើញពីការទំនាក់ទំនងដ៏ល្អរវាងប្រទេសឥណ្ឌូនេស៊ីនិងកម្ពុជា។

សូមបញ្ជាក់ថា វិស័យវិនិយោគឯកជននៅខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស ១២កន្លែង កំពុងដំណើរ ៩កន្លែង មានរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន គ្រឹះស្នានមីក្រូហិរញ្ញវត្ថុ សរុបចំនួន ២៤៨កន្លែង ដែលបានបង្កើតការងារធ្វើ ជូនពលជាពលរដ្ឋ បានប្រមាណ ៩៧.០០០នាក់៕