(ក្រិច)៖ ប្រធានអាជ្ញាធរសុវត្ថិភាពដែនអាកាសរបស់ប្រទេសក្រិច បានប្រាប់សារព័ត៌មាន AFP ថា កម្ទេចយន្តហោះ ដែលរកឃើញនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ក្បែរកោះ Karpathos មិនមែនជាកម្ទេចយន្តហោះដឹកអ្នកដំណើរ EgyptAir ដែលបានធ្លាក់នោះទេ។

លោក Athanasios Binis បាននិយាយថា «រហូតមកដល់ពេលនេះ ការវិភាគនៃកម្ទេចដែលរកឃើញនៅក្បែរនោះ Karpathos ត្រូវបានបញ្ជាក់ថា មិនមែនជាបំណែកយន្តហោះនោះទេ ហើយខាងអេហ្ស៊ីបក៏បញ្ជាក់ប្រាប់ខ្ញុំផងដែរថា បំណែកនោះមិនទាន់ច្បាស់ថាជារបស់យន្តហោះ EgyptAir ដែលបានធ្លាក់ផងដែរ»។

ការច្រានចោលព័ត៌មាននេះ ត្រូវបានធ្វើឡើងក្រោយពេលដែលក្រុមហ៊ុន EgyptAir និងក្រសួងការបរទេសអេហ្ស៊ីប បានប្រកាសថា កម្ទេចយន្តហោះដែលរកឃើញនៅក្បែរកោះមួយជារបស់ប្រទេសក្រិចនោះ ជារបស់យន្តហោះ Airbus 320 ដែលបានធ្លាក់ជាមួយនឹងមនុស្ស ៦៦នាក់។

គួរបញ្ជាក់ផងដែរថា យន្តហោះ EgyptAir ជើងហោះហើរ Flight 804 បានបាត់ពីរ៉ាដា ខណៈហោះចេញពីអាកាសយានដ្ឋាន Charles de Gaulle ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅម៉ោង ២៣៖០៩នាទី ទៅកាន់អាកាសយាន​ដ្ឋាន Cairo Airport ទីក្រុងគែ ប្រទេសអេហ្ស៊ីប ដោយផ្ទុកមនុស្ស ៦៦នាក់ ក្នុងនោះមានសហនាវិក ១០នាក់ ហើយត្រូវបានក្រុមហ៊ុន និងរដ្ឋាភិបាលអេហ្ស៊ីបបញ្ជាក់ថថា បានធ្លាក់នៅក្នុងសមុទ្រ៕