(អេហ្ស៊ីប)៖ គ្រោះថ្នាក់ធ្លាក់យន្តហោះបានកើតឡើងទៀតហើយ នៅឆ្នាំ២០១៦នេះ បន្ទាប់ពីបានកើតឡើងជាហូរហែនៅឆ្នាំ២០១៤ និង២០១៥មក។ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ យន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ EgyptAir ផ្ទុកមនុស្សអ្នកដំណើរចំនួន៦៩នាក់ បានធ្លាក់នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ក្បែរកោះ Karpathos របស់ប្រទេសក្រិក។

យន្តហោះដែលបានធ្លាក់ គឺជើងហោះ Flight 804 របស់ក្រុមហ៊ុនអាកាសចរណ៍ EgyptAir ហោះហើរពី​ទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប ហើយយន្តហោះដែលធ្លាក់ ជាប្រភេទយន្តហោះ Airbus 320។

តើអ្នកដឹងថាទេ ថាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ EgyptAir ដែលកំពុងបាត់ខ្លួននោះ តម្លៃប៉ុន្មាន? នៅពេលនេះ FRESH NEWS សូមបកស្រាយចម្ងល់នេះ ជូនប្រិយមិត្តអ្នកអាន៖

យន្តហោះរបស់ក្រុមហ៊ុន EgyptAir ជាប្រភេទយន្តហោះ Airbus A320 ដូចទៅនឹងយន្តហោះរបស់ ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Germanwings ដែលបានធ្លាក់ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ បានសម្លាប់មនុស្ស១៥០នាក់ និងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលបានធ្លាក់នៅក្នុងសមុទ្រ Java កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ សម្លាប់មនុស្ស ១៦២នាក់ដែរ ហើយតម្លៃរបស់យន្តហោះនេះក៏ប្រហាក់ប្រហែលគ្នា។

យន្តហោះ Airbus A320 ផលិតដោយក្រុមហ៊ុន Airbus របស់ប្រទេសបារាំង ហើយយន្តហោះប្រភេទ Airbus A320 ចាប់ផ្តើមហោះហើរសាកល្បងលើកដំបូង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៨៧ និង ហោះហើរជាផ្លូវការនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៨៨ ដោយក្រុមហ៊ុនអាកាសចរណ៍ Air France។

បើយោងតាមប្រភពព័ត៌មានពី គេហទំព័ររបស់ក្រុមហ៊ុន Airbus យន្តហោះ Airbus A320 មានម៉ាស៊ីន២ ដែលអាចជាប្រភេទ CFM56-5A1 ឬ CFM56-5B4 អាចផ្ទុកអ្នកដំណើរបានចំនួន១៨០នាក់ បើកបានក្នុងល្បឿន៨៣៧គីទ្បូម៉ែត្រក្នុងមួយម៉ោង ដោយហោះបានចម្ងាយឆ្ងាយបំផុត ៤,៤៤២គីទ្បូម៉ែត្រ ក្នុងរយៈកម្ពស់ជាង១០គីឡូម៉ែត្រ អាចដឹងទំនិញបានទម្ងន់៩,៤៣៥គីទ្បូក្រាម, ផ្ទុកប្រេងឥន្ធនៈបានចំនួន២៣,៨៥៩លីត្រ ហើយវាមានប្រវែង ៣៧.៥៧ម៉ែត្រ។ យន្តហោះ Airbus A320 នេះមានតម្លៃប្រមាណ ៩៧លានដុល្លារអាម៉េរិក៕