(ម៉ានីល)៖ កីឡាករប្រដាល់ដ៏ល្បីល្បាញនៅលើពិភពលោកគឺលោក Manny Pacquiao បានឈ្នះ ឆ្នោតនិងទទួលបានអាសនៈមួយក្នុងព្រឹទ្ធសភាហ្វីលពីន ដែលវាជាជំហានដ៏ប្រសើរមួយដើម្បីឲ្យ រូបលោកឈានទៅប្រកួតយកតំណែង ប្រធានាធិបតីនាអណត្តិក្រោយៗ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មានក្នុងស្រុកហ្វីលីពីន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦។

លទ្ធផលខាងលើនេះ គ្រាន់តែលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះសម្រាប់ Manny Pacquiao វ័យ៣៧ឆ្នាំ។ គួរបញ្ជាក់ថាលោក បានបង្ហាញពីគំរោងលាលែងពីអាជីពអ្នកប្រដាល់ តាំងពីដើមឆ្នាំ ២០១៦ នេះមកម្ល៉េះ ដើម្បីយកពេលវេលាពេញលេញ មកបម្រើក្នុងឆាកនយោបាយ ស្របពេល ដែលប្រជាជនជាច្រើនបានចាត់ទុករូបលោក ជាវីរៈបុរសប្រចាំប្រទេសទៅហើយនោះ។

យ៉ាងណាក៏ដោយ លោកក៏នៅមានចំណុចខ្សោយមួយចំនួនផងដែរ ជាពិសេសគឺការលើកឡើង របស់លោកកាលពីខែកុម្ភៈមុនការបោះឆ្នោត អំពីជំហរចំពោះក្រុមអ្នកស្រឡាញភេទដូចគ្នា ដោយលោក បានលើកឡើងថា «មនុស្សដែលស្រឡាញ់ភេទដូចគ្នា គឺថោកទាបជាងសត្វទៅទៀត»។ បន្ទាប់ មកលោកក៏បានចេញមុខមកសូមទោស ចំពោះការលើកឡើងដូច្នោះ ដែលនាំឲ្យមនុស្សប្រភេទនេះ ឈឺចាប់ ប៉ុន្តែលោកក៏បានបញ្ជាក់ច្បាស់លាស់ដដែល​​​​ ថានឹងប្រឆាំងការរៀបការភេទដូចគ្នា៕