(ភ្នំពេញ)៖ កងយោធពលខេមរៈភូមិន្ទចំនួន ៤៥រូបនៅម៉ោង ១១យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ នឹងហោះហើរទៅកាន់ប្រទេសម៉ុងហ្គោលី ជាលើកទី៤ ដើម្បីចូលរួមលំហាត់​ហ្វឹកហ្វឺនប្រតិបត្តិ​ការរក្សាសន្តិភាព​ពហុជាតិនៅប្រទេសម៉ុងហ្គោលី។

នៅមុនពេលចេញដំណើរនៅល្ងាចថ្ងៃនេះ កងទ័ពកម្ពុជាទាំង ៤៥រូប បានជូបទទួលដំបូន្មានមួយចំនួនពីនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានផ្តាំផ្ញើដល់កងទ័ពទាំង ៤៥រូប ឲ្យខិតខំត្រង់ត្រាប់ស្តាប់ និងដកស្រង់បទពិសោធន៍ពីការហ្វឹកហ្វឺននេះ ពង្រឹងសមត្ថភាព ដើម្បីចេញបំពេញការងារឲ្យមានប្រសិទ្ធភាពខ្ពស់។

បើតាមកងយោធពលខេមរភូមិន្ទបានឲ្យដឹងថា ការចេញទៅហ្វឹកហ្វឺននេះមានរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ហើយចែកចេញជាពីរ គឺការហ្វឹកហ្វឺនផ្នែកសេនាធិការ ដែលមានប្រទេសចំនួន ៣៤ ចូលរួម និងការហ្វឹកហ្វឺននៅលើទីលាន មានប្រទេសចំនួន ១៣ចូលរួម។

ប្រភព បានឲ្យដឹងផងដែរថា នេះគឺជាលើកទី ៤ហើយ ដែលកងរក្សាសន្តិភាពរបស់កម្ពុជា ចេញហ្វឹកហ្វឺនដកស្រង់ពិសោធន៍ពីប្រទេសម៉ុងហ្គោលី។

ការចេញទៅហ្វឹកហ្វឺននេះ មានគោលបំណងសំខាន់មួយចំនួនរួមមាន៖

- បង្កើនសមត្ថភាពនៅក្នុងតំបន់ និងអនុតំបន់ ដើម្បីហ្វឹកហ្វឺនត្រៀមលក្ខណៈគ្រប់គ្រង និង អនុវត្តប្រតិបត្តិការរក្សាសន្តិភាពក្នុងកម្រិតជាកលយុទ្ធ

- អនុវត្តលើភារកិច្ចហ្វឹកហាត់របស់អង្គការសហប្រជាជាតិ ដើម្បីបង្កើនការយល់ដឹងលើផ្នែកហ្វឹកហាត់របស់អង្គការសហប្រជាជាតិ សម្រាប់អនុវត្តលើបេសកកម្មរក្សាសន្តិភាព ដែលនឹងកើតមានឡើងជាសកល

- បង្កើនការយល់ដឹងជាស្នូលលើផ្នែករក្សាសន្តិភាព និងទំនាក់ទំនងរវាងកងកម្លាំងកងយោធពលខេមរភូមិន្ទ ជាមួយបណ្តាកម្លាំងចូលរួមផ្សេងៗទៀតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

- បង្កើនសមត្ថភាពបណ្តាកម្លាំងរក្សាសន្តិភាព ដើម្បីផ្តល់ការហ្វឹកហាត់ គ្រោងរៀបចំគ្រប់គ្រងអនុវត្ត ដើម្បីទទួលយក និងរក្សាឲ្យបាននូវចំណេះ ដែលបានយកមកពីកងកម្លាំងផ្សេងៗទៀត នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
- បណ្តាប្រទេសចូលរួម នឹងទទួលបាននូវការទទួលស្គាល់ចំពោះការហ្វឹកហាត់របស់អង្គការសហប្រជាជាតិ ដើម្បីបម្រើឲ្យបេសកកម្មរក្សាសន្តិភាព ដែលអាចនឹងកើតមានឡើងជាសកល៕

- បង្កើនយុទ្ធវិធីបច្ចេកទេស និងនីតិវិធី ដើម្បីអនុវត្តសម្រាប់ជំរុញ និងបង្កើនសមត្ថភាពប្រតិបត្តិការរក្សាសន្តិភាពផ្ទៃក្នុងជាពហុសាសន៍។