(ពោធិ៍សាត់​)៖​ កម្លាំងចម្រុះរួមមាន​ ក្រុមអន្តរាគមន៍​បង្ក្រាបការជួញដូរសត្វព្រៃ​ចល័ត​ នៃរដ្ឋបាលព្រៃឈើ បានសហការជាមួយ​​ ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់​ ផ្នែករដ្ឋបាលព្រៃឈើ​ក្រគរ​ អាវុធហត្ថលើផ្ទៃប្រទេស​ អាវុធហត្ថខេត្ត​ អង្គការ Wildlife Alliance និង​ដោយមា​នការចូលរួមពីអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ​លោក​ ឡុង​ ជាប​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត​ នៅម៉ោង​ ១២៖២៥នាទី​ ថ្ងៃទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៦នេះ​ ​បានចុះបង្ក្រាបទីតាំងជួញដូរសត្វព្រៃ​ នៅចំណុចភោជនីយដ្ឋាន​ ម្លប់ស្បូវត្រជាក់ចិត្តស្រីឡូត​ លើកំណាត់ផ្លូវជាតិលេខ៥​ ស្ថិតក្នុងភូមិក្បាលដំរី​ ឃុំអន្សាចំបក់ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​។​

សេចក្តីរាយការណ៍​ពីភ្នាក់ងារ​ Fresh News នៅទីតាំងកើតហេតុ​បានឲ្យដឹងថា​ សាច់សត្វព្រៃដែលរកឃើញ​ និង​ដកហូតបាន​រួមមាន​៖​ ជ្រូកព្រៃ​ ៧៧,៥គីឡូក្រាម,​ ឈ្លូស​​៥៨គីឡូក្រាម,​ ឆ្មាដាវ​១ក្បាល​ ស្មើនឹង​១គីឡូក្រាម,​ ត្រកួត​៧គីឡូក្រាម,​​ កាំប្រម៉ា​៥គីឡូក្រាម, អន្សង​៥គីឡូក្រាម​,​ ទន្សាយ​២២ក្បាល​ស្មើនឹង​២៧គីឡូក្រាម,​ ជើងទន្សាយក្រៀម៤២ជើង, ពស់​សង់សឿ​១,៥​គីឡូក្រាម​ សរុប​១៨២​គីឡូក្រាម​។​

វត្ថុតាង​សាច់សត្វព្រៃ​សរុបទាំង​ ១៨២គីឡូក្រាម​ នឹងយកទៅកំទេច​ ឬកប់ចោល​ នៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់​។​ ជាមួយគ្នានេះ​ សមត្ថកិច្ចចំរុះកំពុងស្រាវ រកអ្នកពាក់ព័ន្ធបទល្មើសនេះ ឲ្យចូលខ្លួនមកដោះស្រាយ តាមផ្លូវច្បាប់​ផងដែរ​៕