(សិង្ហបុរី)៖ លោក រីឆាត ម៉ាល (Rechard Marlse) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី បានវាយតម្លៃខ្ពស់លើទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យការពារជាតិ។ លោកសង្ឃឹមថានឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាថ្ងៃអនាគតផងដែរ។

ការវាយតម្លៃពីកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោក និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាការងារក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅប្រទេសសិង្ហបូរី។

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ អូស្ត្រាលី បានសម្ដែងការអបអរសាទរចំពោះកម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ហើយនឹងមានឱកាសឱ្យបានទៅទស្សនាប្រទេសកម្ពុជា ជាថ្មីម្តងទៀត។

ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងការអបអរដល់ លោក រីឆាត ម៉ាល ដែលត្រូវ បានទទួលដំណែងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី នាពេលថ្មីៗនេះ។សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី មានតាំងពីយូរលុងណាស់មកហើយ ហើយកិច្ចសហប្រតិបត្តិការនេះបានទទួលលទ្ធផលផ្លែផ្កាជាទីបំផុត។ អូស្ត្រាលីបានជួយដល់ក្រសួងការពារជាតិកម្ពុជា ជំហានដំបូងលើការចងក្រង តាក់តែងសៀវភៅស-ការពារជាតិ ដែលជាគោលនយោបាយការពារជាតិមួយដ៏មានសារៈសំខាន់ ហើយសៀវភៅការពារជាតិឆ្នាំ២០២២ ទើបតែបានប្រកាសជាផ្លូវការនាពេលថ្មីៗកន្លងទៅនេះ។

ក្រៅពីនេះអូស្ត្រលី បានជួយបណ្តុះបណ្តាលភាសាអង់គ្លេស ដល់កងយោធពលខេមរភូមិន្ទ ហើយតាមរយៈចំណេះដឹងផ្នែកភាសាអង់គ្លេសនេះ កម្ពុជាបានបញ្ជូនសិក្ខាកាមទៅបន្តការសិក្សានៅកគ្រប់ទិសទីបន្តទៀត។ ដោយឡែកនាយ ទាហានដែលបានទៅបណ្តុះបណ្តាលនៅអូស្ត្រាលី បានមកបំពេញការងារក្នុងកងយោធពលខេមរភូមិន្ទវិញ ប្រកបដោយគុណភាព។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការសាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយសុខដុម ការយោគយល់គ្នា ការគោរពផលប្រយោជន៍គ្នាទៅវិញ ទៅមក គឺជាសារប្រយោជន៍ដ៏សំខាន់ ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ក្នុងនាមជាប្រធានអាស៊ានប្តូរវេន នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ADMM សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញលោក រីឆាត ម៉ាល ឱ្យមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក ( ADMM-Plus) នាខែវិច្ឆិកាខាងមុខនេះផងដែរ៕