(ព្រៃវែង)៖ វិទ្យាល័យព្រែកសណ្ដែក ស្ថិតក្នុងឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ពេលនេះបាននឹងកំពុងប្រែមុខមាត់ថ្មី លើគ្រប់វិស័យ ជាពិសេសវិស័យកីឡាបាល់ទាត់ និងបាល់ទះ ដោយមានការជួយជ្រុំជ្រែងពី លោក ប៉ុល រតនា ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយឃុំព្រែកចង្ក្រាន និងលោក នឹម ច័ន្ទតាណា អនុប្រធាន វិទ្យាល័យព្រែកសណ្ដែក។

 ក្រុមការងាររបស់លោក ប៉ុន រតនា បានយកចិត្តទុកដាក់ប្រឹងប្រែងលើកស្ទួយគ្រប់វិស័យ ជាក់ស្តែងបង្កើតឱ្យមានទីលានបាល់ទាត់ សម្រាប់សិស្សានុសិស្ស បានហ្វឹកហាត់កីឡាបាល់ទាត់ឡើងវិញ ដើម្បីបានចូលប្រកួតថ្នាក់ស្រុក និងអាចឈានដល់ប្រកួតថ្នាក់ខេត្ត ទៀតផង។

ក្រោយពេលបង្កើតបានទីលានបាល់ទាត់ភ្លាម ក្រុមការងារចុះជួយឃុំព្រែកចង្ក្រាន បានស្រង់ស្ថិតិសិស្សវិទ្យាល័យ អនុវិទ្យាល័យ បុរស-នារី និងយុវជនមហាជន ចងក្រងជាក្រុម ដើម្បីរៀបចំទៅតាមលំដាប់លំដោយ ដូចជាក្រុមវ័យអាយុលើ២០ឆ្នាំ ក្រុមអាយុ ក្រោម២០ឆ្នាំ និងក្រុមមហាជន ដើម្បីប្រកួតតាមវ័យងាយស្រួលជ្រើសរើសក្រុមឈានមុខ ឈានទៅប្រកួតថ្នាក់ស្រុក-ខេត្ត និងដើម្បីប្រកួតជាលក្ខណ:មិត្តភាព សាមគ្គីភាព ស្និតស្នាគ្នារវាងយុវជន ពីភូមិមួយទៅភូមិមួយ និងពីឃុំមួយទៅឃុំមួយដែលធ្វើឲ្យក្រុម យុវជនមហាជន ដើរឲ្យឆ្ងាយ ជៀសឲ្យផុតពីគ្រឿងញៀង និងជាយុវជនពាលាអាវាសែ មិនតែប៉ុណ្ណោះកីឡាធ្វើឲ្យមានសុខភាព មាំមួនទៀតផង។

ក្រៅពីវិស័យកីឡា និងមានសមិទ្ធផលច្រើនទៀត ដែលក្រុមការងាររបស់លោកសម្រេចបាន ដូចជាសាងសង់មន្ទីគណបក្ស ១ខ្នងថ្មីសន្លាង ជិតរួចរាល់ជាស្ថាពរ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់នេះ ជាពិសេសជួយជនចាស់ជរា ស្រីមានផ្ទៃពោះសំរាកូន ពិធីបុណ្យសព ប្រជាពលរដ្ឋជួបគ្រោះអគ្គីភ័យដោយភ្លើងឆេះផ្ទះ ខ្យល់វាយបាក់ផ្ទះរលំ សុទ្ធតែត្រូវបានប្រើប្រាស់ថវិការមូលនិធិសម្តេចក្រឡាហោម ស ខេង។

ជាងនេះទៀត លោក ប៉ុល រតនា បានថ្លែងថា ជាការកត់សម្គាល់ឲ្យឃើញកាន់តែច្បាស់នោះ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនអាចមើលរំលងនូវទុកលំបាក របស់ប្រជាពលរដ្ននោះទេ។

សម្តេចតេជោ ហ៊ុន សែន តែងតែជំរុញឱ្យក្រុមការងារចុះតាមមូលដ្ឋាន ភូមិ ឃុំ ស្រុក យកចិត្តទុកដាក់លើជីវភាពជនក្រីក្រ ពង្រឹងវិស័យអភិវឌ្ឍន៍ឱ្យកាន់តែឈានទៅរកការរីកចម្រើនថែមទៀត៕