(ភ្នំពេញ)៖ នៅម៉ោងប្រមាណ ៦៖៤៥នាទីល្ងាចនេះ (ម៉ោងនៅកម្ពុជា) ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងមានជំនួបទ្វេភាគីជាមួយ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ដោយពិភាក្សាទៅលើកិច្ចការមួយចំនួន។

សម្តេចតេជោ បានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា «ខ្ញុំនិងគណៈប្រតិភូកម្ពុជាយើងបានមកដល់ទីក្រុង Sochi ដែលជាកន្លែងត្រូវប្រជុំអាស៊ានរុស្ស៊ី។ ខ្ញុំនឹងត្រូវជួបប្រធានាធិបតី សហព័ន្ឋរុស្ស៊ី Vladimir Putin នៅម៉ោង១៤៖៤៥នាទី ត្រូវនិងម៉ោង១៨៖៤៥ នាទី ម៉ោងកម្ពុជានាថ្ងៃស្អែក ទី១៩ ខែឧសភា»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប អាស៊ាន-រុស្ស៊ី នៅប្រទេសរុស្ស៊ី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។ អំឡុងកិច្ចប្រជុំ រយៈពេល៣ថ្ងៃមកនេះ ប្រទេសកម្ពុជា-រុស្ស៊ី ក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន៨ផងដែរ។

កិច្ចព្រមព្រៀងចំនួន៨នោះ រួមមាន ៖
១-សន្ធិសញ្ញាស្តីពីបត្យាប័ន
២-អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងយុតិធម៌ និងការិយាល័យអគ្គរដ្ឋអាជ្ញាសហព័ន្ធរុស្ស៊ី
៣-អនុស្សារណៈនៃការយោគយល់ ស្តីពីការសហប្រតិបត្តិការ លើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន
៤-អនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការ អូឡាំពិកនៃប្រទេសកម្ពុជា និងរុស្ស៊ី
៥-សេចក្តីប្រកាសរួម ស្តីពីបញ្ជីសំណើរគម្រោង សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ រហូតដល់ឆ្នាំ២០២០
៦-អនុស្សារណៈនៃការយោគយល់ ស្តីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មាន ថាមពុលនុយក្លែអ៊ែរ
៧-អនុស្សារណៈ នៃការយោគយល់ ស្តីពីការបង្កើតក្រុមការងាររួម កម្ពុជា-រុស្ស៊ី លើកិច្ចប្រតិបត្តិការ ក្នុងការប្រើប្រាស់ថាមពល បរមាណូ ក្នុងគោលបំណងសន្តិភាព
៨-កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃ នៃប្រទេសទាំង២៕