(បន្ទាយមានជ័យ)៖ អាជ្ញាធរក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ បានបើកយុទ្ធនាការដង្ហែក្បូនបំផុសស្មារតីឲ្យប្រជាពលរដ្ឋឈប់បាញ់សត្វព្រៃ និងនេសាទខុសច្បាប់ នៅក្នុងបរិវេណអូរខៃដន ស្ថិតនៅក្នុងភូមិអូរខៃដន សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យុទ្ធនាការបំផុសស្មារតីប្រជាពលរដ្ឋឲ្យបញ្ឈប់ការបាញ់សត្វព្រៃ និងនេសាទខុសច្បាប់នេះ មានការចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ដឹកនាំដោយក្រុមការងារយុវជនក្រុង កងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័ន និង ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ លោក ង៉ោ ម៉េងជ្រួន បានថ្លែងថា ក្រោយពីក្រុមការងារ បានទទួលព័ត៌មានថា មានជនខិលខូចនាំគ្នាយកកាំភ្លើងខ្យល់ និង ឧបករណ៍ផ្សេងប្រមាញ់បាញ់សត្វព្រៃ​ និងនេសាទ ខុសច្បាប់។

លោកអភិបាលក្រុង បានថ្លែងថា «យើងជារដ្ឋបាលក្រុងប៉ោយប៉ែត បានបើកយុទ្ធនាការដង្ហែក្បូន គឺមានគោលបំណងបញ្ឈប់ ទប់ស្កាត់ ការបាញ់សត្វស្លាបនៅក្នុងអូរខៃដនបន្តទៀត ព្រោះបច្ចុប្បន្ននេះសង្កេតឃើញថា ទីតាំងខាងលើនេះ មានសត្វស្លាបជាច្រើនប្រភេទ ដោយយើងមិនចង់ឲ្យមានការបាត់បង់សត្វស្លាបទាំងអស់នេះបន្តទៀត»

លោកអភិបាល ក៏បានអំពាវនាដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកបរបាញ់សត្វ មេត្តាបញ្ឈប់ជាបន្ទាន់ មិនដូច្នោះទេ អាជ្ញាធរ នឹងចាត់ការតាមច្បាប់ ដែលមានជាធរមាន។

សូមបញ្ជាក់ថា អូរខៃដន នៅពេលថ្មីៗនេះ បានក្លាយជាកន្លែងកម្សាន្ត ទេសចរណ៍ មើលកម្សាន្តសត្វស្លាប។ ប្រជាពលរដ្ឋ ដែលបានទៅកម្សាន្តនៅតំបន់នេះ បានបង្ហាញការត្រេអរខ្លាំង ចំពោះការបើកយុទ្ធនាការដង្ហែក្បូនក្រោមវិធានបទរបស់អាជ្ញាធរក្រុងប៉ោយប៉ែត បំផុសស្មារតីប្រជាពលរដ្ឋឲ្យឈប់បាញ់សត្វ ​និង នេសាទខុសច្បាប់៕