(ភ្នំពេញ)៖ លោក ហ៊ុយ វណ្ណា អគ្គលេខាធិការសមាគម តំណាងលោក ឧកញ៉ា លី ហួរ ប្រធានសមាគម និងថ្នាក់ដឹកនាំ សមាជិក-សមាជិការ នៃស​មាគមអ្នក​អភិវឌ្ឍន៍ លំនៅឋានកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ បានសហការជាមួយ អាជ្ញាធរមូលដ្ឋាន ដែលដឹកនាំដោយនាយឧត្តសេនយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ បាននាំយកអំណោយ ​ទៅចែក​​ជូន​លោកយាយ កិះ សាអែម រស់នៅ ភូមិជើងឃ្លេរ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

លោក ហ៊ុយ វណ្ណា បានឲ្យដឹងថា អំណោយសម្រាប់ជូនដល់លោកយាយ រួមមានទឹកប្រាក់ ៣លាន៣សែនរៀល គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផង ដើម្បីជួយ​ដោះស្រាយបញ្ហាដែលគាត់កំពុងប្រឈម មួយចំណែកធំផងដែរ។

គួរបញ្ជាក់ថា លោកយាយ កិះ សាអែម មានជីវភាពទីទាល់ក្រលំបាកយ៉ាងខ្លាំង និងមានជំងឺទាចទឹក ប្រចាំកាយទៀតផង ប្តីក៏ស្លាប់ចោល ចំណែកផ្ទះ ដីភូមិ ក៏បានលក់សងបំណុលគេអស់ទៀត សព្វថ្ងៃសុំដីគេ ដើម្បីជ្រកកោន ដោយគ្មានអ្នកទីពឹងឡើយ ៕