(ភ្នំពេញ)៖ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងបើកវគ្គបណ្តុះបណ្តាលមិនបង់ថ្លៃស្តីពី «មូលដ្ឋាននៃការធ្វើសេចក្តីរាយការណ៍ពីព័ត៌មានសេដ្ឋកិច្ច» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ខាងមុខ នៅទីស្នាក់ការ ខុនរ៉ាជអាឌិនណៅអ៊ែរ ដែលមានអាស័យដ្ឋាន ផ្ទះលេខ៤ ផ្លូវ៤៦២ ខណ្ឌចំការមន រាជធានីភ្នំពេញ។​ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្លឹប អ្នកកាសែតកម្ពុជា (ក.អ.ក) ផ្សព្វផ្សាយឲ្យ ដឹងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ។

យោងតាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ឲ្យដឹងថា គោលបំណងនៃការបើកវគ្គណ្តុះបណ្តាលនេះ គឺដើម្បីឲ្យអ្នកសារព័ត៌មានបានយល់ដឹងអំពីមូលដ្ឋានគ្រឹះ នៃការធ្វើសេចក្តីរាយការណ៍ផ្នែក សេដ្ឋកិច្ច ក្នុងនោះរួមមាន ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា ពាក្យគន្លឹះសេដ្ឋកិច្ចសំខាន់ៗ របៀបរកមុំព័ត៌មានសម្រាប់ធ្វើសេចក្តីរាយការណ៍ និងវិធីសាស្រ្ត ក្នុងការបង្កើតបណ្តាញជាមួយអ្នកជំនួញនិង អ្នកពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មានពេញលេញ ក្នុងការសរសេរព័ត៌មានសេដ្ឋកិច្ច។ ក្រៅពីនោះ អ្នកព័ត៌មានក៏អាចទទួលបាននូវវិធីសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច ដែលគួរឲ្យចាប់អារម្មណ៍ផងដែរ។

គួរបញ្ជាក់ថា ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងជ្រើសរើសសិក្ខាកាមតែ៣០នាក់ប៉ុណ្ណោះ ដូចនេះប្រសិនបើសមាជិក សមាជិកាចាប់អារម្មណ៍ អាចរួសរាន់មកចុះឈ្មោះឲ្យទាន់ពេលវេលា។ សម្រាប់ការចុះឈ្មោះ គឺអាចទំនាក់ទំនងនៅទីស្នាក់ការរបស់ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) រឺតាមរយៈ ទូរស័ព្ទលេខ០២៣ ២២៤ ០៩៤ ឫ០១១ ៥១៧ ៤៥៩៕