(បាត់ដំបង)៖ យុវជនម្នាក់ក្នុង​ចំណោម​បក្ខពួក​ចំនួន​១០នាក់ ​ប្រើប្រាស់​ដាវសាំម៉ូរ៉ៃដេញកាប់ប្រហារ ទៅលើអ្នកដ៏ទៃ បង្កការភ្ញាក់ផ្អើលពេញក្រុងបាត់ដំបង យប់រំលងអាធ្រាត្រថ្ងៃទី១០ ខែឧសភា​ ឆ្នាំ​២០១៦​ នៅចំណុច​ទល់មុខ​សួន​យុវ័ន​ ស្ថិតក្នុង​ភូមិ​រំចេក​៥​ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង រួចរត់គេចខ្លួនបាត់ តែត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានម្នាក់នៅថ្ងៃទី១៨ ខែឧសភានេះ។

លោក ឈឿង គឹមសុង នាយក្រុមបង្ការបង្ក្រាប នៃ​ស្នងការ​ដ្ឋាន ​នគរបាល​ខេត្ត​បាត់ដំបង បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគបាលខេត្ត និងបញ្ជា​ផ្ទាល់​ដោយលោឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុក និង​ដោយមាន​ការសម្របសម្រួលពីលោក ហេង​ លុយ ព្រះ​រាជអាជ្ញា​រងអមសាលាដំបូង​ខេត្ត​ផង​នោះ លោកក៏បានដឹកនាំ​កម្លាំង​ចុះប្រតិបត្តិការ​បង្ក្រាប​ស្រាវជ្រាវរហូតបានជនដៃដល់ម្នាក់។ លោកបញ្ជាក់ថា ជនសង្ស័យម្នាក់ខាងលើ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ បានជិះម៉ូតូប្រើប្រាស់ដាវសាំម៉ូរ៉ៃ កាប់ទៅជនរងគ្រោះ​របួស​ក្បាល ​កាលពី​វេលា​ម៉ោង​២និង៤០នាទី យប់ថ្ងៃទី១០ ខែឧសភា​ ឆ្នាំ​២០១៦ ​នៅចំណុច​ទល់មុខ​សួន​យុវ័ន​ ស្ថិតក្នុង​ភូមិ​រំចេក​៥​ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​។ ជនសង្ស័យត្រូវបានឃាត់ខ្លួនមាន ឈ្មោះ គឹម​ សុខលី​កា​ ហៅប៉ាវ អាយុ២០ឆ្នាំ រស់នៅភូមិទួលតាឯក ​សង្កាត់​ទួលតាឯក​ ក្រុង​បាត់ដំបង​។ ចំណែកជនរងគ្រោះមានឈ្មោះ គង់ បូរិន្ទ អាយុ២៨ឆ្នាំ រស់នៅ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង របួសបែកក្បាល។​ វត្ថុ​តាងត្រូវ​បាន​ដកហូត​រួម​មាន៖ ដាវសាម៉ូរ៉ៃចំនួន៣ដើម កាំបិតធំចំនួន១ និងសម្ភារប្រើប្រាស់សំរាប់វៃគ្នាមួយចំនួនទៀត។ សមត្ថកិច្ចចាប់ខ្លួនបាន កាលពី​វេលា​ម៉ោង​១៣និង៣០នាទី​ថ្ងៃទី​១៨ ​ខែឧសភា ​ឆ្នាំ​២០១៦ ​នៅចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូន ទៅតុលាការនារសៀលថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ​២០១៦​នេះដើម្បី​ចាត់ការ​បន្ត​ទៅតាម​ផ្លូវ​ច្បាប់​។