(ភ្នំពេញ)៖ រហូតមកដល់វេលាម៉ោង១៦៖៣០នាទីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ អ្នកបើកបររថយន្ត RANGE ROVER ត្រូវបានគេសង្ស័យថា ជាតារាចំរៀងមួយរូបនៅកម្ពុជា ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែឧសភានេះ មិនទាន់ចូលខ្លួនមកបំភ្លឺនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញនៅឡើយទេ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក សែម គន្ធា នាយរងការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News។

អ្នកបើកបររថយន្ត RANGE ROVER ពាក់ស្លាកលេខ 2X-9987 ដែលគេសង្ស័យថា ជាតារាចំរៀងល្បីមួយរូបនៅកម្ពុជា បានជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរថយន្ត១គ្រឿងទៀត ម៉ាក Celica ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 បណ្តាលឲ្យបុរសអ្នកបើកបរថយន្ត ម៉ាក Celica ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុនៅចំណុចមុខឃ្លាំង ស្ថាននីយ៍ប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

អ្នកបើកបររថយន្ត RANGE ROVER ដែលគេសង្ស័យថា ជាតារាចម្រៀងនោះ បានរត់គេចខ្លួនជាមួយស្រីស្នេហ៍ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍។

មន្រ្តីនគរបាលចរាចរណ៍ បានបង្ហាញឈ្មោះម្ចាស់កម្មសិទ្ធិរថយន្ត RANGE ROVER ស្លាកលេខ 2X-9987 មាន «ឈ្មោះថា ឌៀប វណ្ណារ័ត្ន ផ្ទះលេខ៦៦អាអឺO ផ្លូវលេខ ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ»

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវថាតើ អ្នកបើកបររថយន្ត RANGE ROVER ជានរណា ? តើដូចនឹងការលើកឡើងរបស់ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ថា ជាតារាចម្រៀងឬយ៉ាងណា? ព្រោះថា រថយន្ត RANGE ROVER មួយនេះ អាចជាការទិញតពីគ្នា ឬខ្ចីជិះ គឺមិនទាន់ច្បាស់នៅឡើយ។

សូមជំរាបថា នៅម៉ោង១២៖៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំង ស្ថាននីយ៍ប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់បានស្លាប់ដោយគៀបជាប់នៅក្នុងរថយន្ត ដោយសារតែបើករថយន្តបុកជាមួយ នឹងរថយន្តសេរីទំនើប ១គ្រឿងទៀត ម៉ាក RANGE ROVER ដែលត្រូវបានគេស្គាល់ថា ជារបស់តារាចំរៀងមួយរូប និងជាអ្នកបើកផងដែរ ដោយបើកក្នុងទិសដៅបញ្ច្រាសគ្នា រួចក៏បុកគ្នាចំពីមុខពេញទំហឹងតែម្តង។ ក្រោយពីបើកបុកស្លាប់ បុរសម្នាក់ហើយ តារាចម្រៀងរូបនោះ បាននាំស្រីស្នេហ៍រត់គេចខ្លួនបាត់។

ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសេរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-9987 បើកតាម បណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង និងមានរថយន្ត១គ្រឿងទៀត ម៉ាក Celica ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 បើកក្នុងល្បឿនលឿន ដូចគ្នាទិសដៅ បញ្ច្រាសគ្នា ពេលមកដល់ចំណុចកើតហេតុបានបុកគ្នា ចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ដែលជាម្ចាស់ Celica ស្លាប់គៀបជាប់ក្នុងរថយន្ត។

ប្រជាពលរដ្ឋឃើញហេតុការណ៍បាននិយាយថា អ្នកបើករថយន្ត Range Rover ត្រូវបានគេស្គាល់ថា ជាតារាចំរៀងមួយរូប និងរួមដំណើរដោយនារីស្រស់ស្អាតម្នាក់ទៀត បានចុះមកពីលើរថយន្ត រួចគេចខ្លួនបាត់ រីឯរថយន្តទាំង២គ្រឿង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានទៅដល់កន្លែងកើតហេតុ និងសហការជាមួយជំនាញធ្វើការវាស់វែងស្ទូច យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕