(ភ្នំពេញ)៖ អតីតប្រធានមន្ទីរសន្តិសុខ ស-២១ (គុកទួលស្លែង) កាំង ហ្កេកអ៊ាវ ហៅ ឌុច នឹងចូលផ្តល់សក្ខីកម្មក្នុងប្រធានបទទីបួន នៃសំ  ណុំរឿង ០០២/០២ ទាក់ទងមន្ទីរសន្តិសុខ និង ការបោសសម្អាតផ្ទៃក្នុង ជាពិសេសពាក់ព័ន្ធមន្ទីរសន្តិសុខស-២១ នៅថ្ងៃទី២៦ ខែឧសភា  ឆ្នាំ២០១៦ខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា អង្គជំនុំជម្រះសាលាដំបូងលើ បានត្រៀមរយៈពេល ០៩ថ្ងៃ ដើម្បីសាកសួរទៅលើសាក្សី ឌុច។ សេច ក្តីប្រកាស បានបញ្ជាក់ថា នេះគឺជាលើកទី២ ហើយដែល កាំង ហ្កេកអ៊ាវ ត្រូវបានបង្ហាញខ្លួនក្នុងនាមជាសាក្សីក្នុងសំណុំរឿង ០០២ ប្រឆាំង នួន ជា និង ខៀវ សំផន។ គាត់បានបង្ហាញខ្លួនលើកទី១ ក្នុងនាមជាសាក្សីក្នុងសំណុំរឿង ០០២/០១ នៅអំឡុងខែ មីនា និង ខែមេសា ឆ្នាំ ២០១២។

កាំង ហ្កេកអ៊ាវ ជាជនជាប់ចោទទី១ ដែលត្រូវបានវិនិច្ឆ័យសេចក្តីនៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលា  ការកម្ពុជា (អ.វ.ត.ក)។ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូល នៃ អ.វ.ត.ក បានសម្រេចតម្កល់ពិរុទ្ធភាពរបស់ គាត់សម្រាប់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ហើយបានសម្រេចបង្កើន ការផ្តន្ទាទោសគាត់ ដោយដាក់ពន្ធនាគារអស់មួយជីវិត។

សេចក្តីប្រកាសព័ត៌មានសាលាក្តីខ្មែរក្រហម បានឲ្យដឹងទៀតថា ចាប់តាំងពីដំណើរការសវនាការលើសំណុំរឿង ០០២/០២ នៅខែតុលា ឆ្នាំ ២០១៤មក អង្គជំនុំជម្រះសាលាដំបូង បានស្តាប់សក្ខីកម្មសាក្សីចំនួន ៨៤រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣៩រូប និងអ្នកជំនាញចំនួន ៣  រូប សម្រាប់សវនាការចំនួន ១៨៥ថ្ងៃ។ បន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូងបញ្ចប់សវនាការ ស្តីពីមន្ទីរសន្តិសុខ និង ការបោសសម្អាតផ្ទៃក្នុង រួចហើយ ប្រធានបទបន្ទាប់ (ប្រធានបទទីប្រាំ) នៃសវនាការ គឺពាក់ព័ន្ធការចោទប្រកាន់អំពីការរៀបការដោយបង្ខំនៅក្រោមរបបខ្មែរក្រហម។  បន្ទាប់ពីចប់ប្រធានបទក្រោយនេះ អង្គជំនុំជម្រះសាលាដំបូងនឹងធ្វើសវនាការស្តីពីជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជា ជាមួយប្រទេសវៀត ណាម ហើយចុងក្រោយបំផុត នឹងងាកមកផ្តោតលើតួនាទីរបស់ នួន ជា និង ខៀវ សំផន។ អង្គជំនុំជម្រះរំពឹងថា សវនាការពិភាក្សាដេញដោលលើភ័ស្តុតាងនឹងបញ្ចប់នៅចុងឆ្នាំ២០១៦នេះ ហើយសាលក្រមនឹងប្រកាសនៅក្នុងឆ្នាំ២០១៧៕