(ភ្នំពេញ)៖ លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា គឺគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បន្ថែមវិធានការទប់ស្កាត់ ការកាប់ព្រៃឈើ ព្រៃលិចទឹក និងការនេសាទខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។

សំណើរបស់គណៈកម្មការរដ្ឋសភា ដែលដឹកនាំដោយតំណាងរាស្រ្តគណបក្សប្រឆាំងនេះ បានធ្វើឡើងនៅក្នុងជំនួបជាមួយ រវាងលោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ ជាមួយ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម នៅរដ្ឋសភា កាលពីម្សិលមិញ។ នេះបើតាមការផ្សព្វផ្សាយនៅលើគេហទំព័រ Facebook របស់រដ្ឋសភា។

នៅក្នុងជំនួបនោះ លោក ប៉ុល ហំម បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានដាក់ចេញនូវ ផែនការច្បាស់លាស់។ ជាមួយគ្នានេះក៏សំណូមពរដល់ក្រសួងមានវិធានការបន្ថែមទៀត ប្រឆំាងទៅនឹង ការកាប់បំផ្លាញព្រៃឈើ ព្រៃលិចទឹក និងការនេសាទខុសច្បាប់ក្នុងទន្លេទឹកសាប និងតាមសមុទ្រ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលទើបឡើងកាន់តំណែងអំឡុងការរុះរើគណៈរដ្ឋមន្រ្តី កាលពីដើមខែមេសា បានបញ្ជាក់ ជូនគណៈកម្មការទី៣ថា នៅក្នុងអាណត្តិទី៥នៃរដ្ឋសភានេះ រាជរដ្ឋាភិបាល បាននិងកំពុងធ្វើការកែទម្រង់ស៊ីជម្រៅលើវិស័យព្រៃឈើ និងជលផល។

កាលពីខែមករា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ នៅទូទាំងប្រទេស។ គណៈកម្មការនេះ ដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសមាសភាពពាក់ព័ន្ធនានា។ ក្រោយបើក ប្រតិបត្តិការអស់រយៈពេលជាង៣ខែ គណៈកម្មការនេះ បានរឹបអូសឈើខុសច្បាប់ ប្រមាណ៧ម៉ឺនម៉ែត្រគូប ហើយរាជរដ្ឋាភិបាលបាន បង្កើតគណៈកម្មការមួយ ដើម្បីរៀបចំការដេញថ្លៃឈើទាំងនោះ យកថវិកាឱ្យក្រសួងអប់រំ៕