(តាកែវ)៖ លោក សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា, ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស នៅភូមិព្រឹសក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។

ពិធីនេះមានការចូលរួមពី អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំខ្វាវ គណៈកម្មាធិការគណបក្សស្រុកទ្រាំង បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ គណៈកម្មាធិការគណបក្សឃុំខ្វាវ និងក្រុមការងារការិយាល័យ។

ក្នុងឱកាសនោះ លោក សុខ ពុទ្ធិវុធ បានលើកឡើងពីកិច្ចប្រឹងប្រែងដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរក្សាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

លោកបានបន្តថា សមាជិកគណបក្សក៏ដូចជាប្រជាពលរដ្ឋបានដឹងហើយថា ស្ថានភាពពិភពលោកបច្ចុប្បន្ន ជាពិសេសសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នាំឱ្យប្រទេសជាតិខ្ទេចខ្ទាំ ប្រជាពលរដ្ឋរាប់លាន់នាក់នាំគ្នាជម្លៀស ទៅប្រទេសជិតខាង អាយុជីវិតប្រជាពលរដ្ឋស្លាប់រាប់ពាន់នាក់ដោយសារសង្គ្រាម។

បន្ថែមពីនេះលោក សុខ ពុទ្ធិវុធ ក៏បានអំពាវនាវដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ និងប្រជាពលរដ្ឋត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។ ការបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាគឺមានតម្លៃស្មើនឹងបោះឆ្នោតរក្សាសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២៕