(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ បានឆ្លៀតសួរសុខទុក្ខ លោក ហ៊ុន សាន ដែលជាបងប្រុសទី១ ទើបត្រឡប់មកពីព្យាបាលជំងឺនៅទីក្រុងបាងកក ប្រទេសថៃ។ សម្តេចតេជោ បានបញ្ជាក់ថា ជាមួយការអញ្ជើញទៅសួរសុខទុក្ខបងប្រុសទី១នេះ សម្តេចតេជោ ក៏មិនទាន់ហ៊ានប្រាប់ដំណឹងមរណភាពបងប្រុសទី២នោះដែរ ព្រោះខ្លាចដំណឹងនេះវាយប្រហារផ្លូវចិត្ត ខណៈសុខភាពមិន ទាន់ប្រសើរ។

សម្តេចតេជោ បានបញ្ជាក់ដែរថា នៅពេលបងប្រុសចង្អុលទៅរូបថត ថតជុំបងប្អូន ជាមួយឪពុក សម្តេចក៏កើតអារម្មណ៍ក្តុកក្តួល តែប្រឹងទប់មិនឱ្យប្រុសដឹងនោះឡើយ។

ខាងក្រោមនេះ គឺជាការរៀបរាប់ទាំងស្រុងរបស់សម្តេចតេជោ លើទំព័រ Facebook៖

ល្ងាចនេះទៅសួរសុខទុក្ខបងទីមួយដែលទើបវិលត្រឡប់ពីទីក្រុងបាងកកប្រទេសថៃក្រោយការវះកាត់។ ទោះបីសុខភាពគាត់ប្រសើរជាងមុនក្តី តែខ្ញុំនៅតែមិនទាន់ហ៊ានប្រាប់គាត់ពីមរណភាពបងប្រុសទីពីរនៅឡើយ។

ពីរថ្ងៃមុននេះជាខួបលើកទី៩ឆ្នាំនៃមរណភាពភរិយារបស់គាត់ ដែលត្រូវជាបងថ្លៃរបស់ខ្ញុំ ប្រសិនខ្ញុំជំរាបគាត់ពីរឿងមរណភាពបងទីពីរទៀតប្រហែលគាត់ពិបាកទទួល។ ខ្ញុំក៏ទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តខ្លាំងណាស់ ដែរនៅពេលដែលបងប្រុសខ្ញុំលើកដៃចង្អុលទៅរករូបថតដែលបងប្អូនខ្ញុំទាំង៦នាក់ថតជាមួយឪពុកខ្ញុំ ហើយនិយាយថាបងប្អូនយើងមាន៦នាក់ ប្រុស ៣នាក់ ស្រី ៣នាក់។ ប្រុស ៣នាក់ដំបូង ទើបមានស្រី ៣នាក់ជាក្រោយដោយពុំមានឆ្លាស់គ្នាស្រី និងប្រុសនោះទេ តែគាត់ពុំបានដឹងថា ពេលនេះនៅសល់តែ ៥នាក់នោះឡើយ។

ទឹកភ្នែកខ្ញុំស្ទើរតែហូរចេញមកហើយ ខ្ញុំបែរមុខទៅម្ខាង និងងាកមកវិញបបួលគាត់ដូរនាឡិការដៃ ដើម្បីបញ្ចប់នូវរឿងសោកសៅ។ ទ្រាំរក្សាទុកដំណឹងនេះមិនឱយគាត់ដឹងមួយរយះសិន ដើម្បីសុខភាពគាត់។ សង្ឃឹមថា បងទីមួយ និងវិញ្ញាក្ខន្ធបងទីពីរនឹងយល់ពីការលំបាករបស់ខ្ញុំនៅពេលនេះ៕