(កំពង់ធំ)៖ លោកបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ បានបន្ដចុះជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ប្រមាណជាង៥០០នាក់ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងបានលើកឡើងថា ការជ្រើសរើសគណបក្សនយោបាយ ដែលត្រឹមត្រូវគឺបានចូលរួមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

ការជួបសំណេះសំណាលនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែឧភា ឆ្នាំ២០២២ ដើម្បីពង្រឹងក៏ដូចជាណែនាំប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យកម្ពុជា។

ក្នុងឱកាសជួបសំណេះសំណាងលោកក៏បានណែនាំ ប្រជាពលរដ្ឋគ្រប់រូបមានឈ្មោះបោះឆ្នោត គឺមានសិទ្ធិជ្រើសរើស គណបក្សនយោបាយដែលខ្លួនពេញចិត្ត ហើយការជ្រើសរើសគណបក្សនយោបាយ ដែលត្រឹមត្រូវមានន័យថា បានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាក់ស្តែងគណបក្សប្រជាជន ត្រូវបានប្រជាពលរដ្ឋផ្តល់ សេចក្តីជឿទុកចិត្ត និងប្រគល់សម្លេងឆ្នោតឲ្យដឹកនាំប្រទេសជាតិជាង៣០ឆ្នាំកន្លងមក។

លោកបានបន្ដថា ក្នុងរយៈពេលនេះប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័នរូបវន្ត និងធនធានមនុស្ស ដើម្បីឲ្យមានការអភិវឌ្ឍបន្តទៀត ប្រជាពលរដ្ឋទាំងអស់ត្រូវទៅបោះឆ្នោត និងជ្រើសរើយកគណបក្សដែលមានគោលនយោបាយស្របជាមួយឆន្ទ:ប្រជាពលរដ្ឋ កាលៈទេសៈសង្គម ដើម្បីប្រជាជន រស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្តជារៀងរហូត៕