(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តរបបស្វ័យប្រកាសអធិការកិច្ចការងារ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីជូនដំណឹងបញ្ជាក់ថា «យោងច្បាប់ស្ដីពីការងារ និងប្រកាសលេខ៣៥៨/២១ ក.ប/ប្រ.ក.អ.ធ.ក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្ដីពីការដាក់ឱ្យដំណើរការរបបស្វ័យប្រកាសអធិការកិច្ចការងារ និងការធ្វើអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាសដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារឱ្យបានជ្រាបថា លោក/លោកស្រី មានកាតព្វកិច្ចស្វ័យប្រកាសអធិការកិច្ចការងារក្នុងប្រព័ន្ធស្វ័យប្រវត្ដិកម្មចំនួន ២ (ពីរ) លើកក្នុងមួយឆ្នាំ គឺលើកទី១ ឱ្យបានមុនដំណាច់ខែមិថុនា និងលើកទី២ ឱ្យបានមុនដំណាច់ខែធ្នូ នៃឆ្នាំនីមួយៗ តាមរយៈគេហទំព័រ៖ https://sicms.mlvt.gov.kh ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២»

ក្នុងរបាយការណ៍ស្វ័យប្រកាសអធិការកិច្ចការងារមានចំណុចអាទិភាពចំនួន៣១ ដែលមានកំណត់នៅក្នុងលិខិតដាក់កំហិតរបស់អធិការការងារ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវអនុវត្តឱ្យខានតែបានតាមលិខិតដាក់កំហិតនេះ ក្នុងករណីល្មើសនឹងចំណុចអាទិភាពណាមួយ នឹងត្រូវទទួលរងការផាកពិន័យភ្លាមៗ ពីអធិការការងារយោងតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ក្រសួងបានក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសឱ្យបានជ្រាបថាការចាក់វ៉ាក់សាំងកូវីដ-១៩ ជាផ្នែកមួយនៃលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅតាមរោងចក្រ សហគ្រាស។ ដូច្នេះ លោក/លោកស្រី ត្រូវបន្ដសហការជាមួយអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត និងមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានី ខេត្ត ដើម្បីជំរុញ និងរៀបចំចាក់វ៉ាក់សាំងដូសជំរុញ ជូនបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស ដោយអាចបន្ដដំណើរការផលិតកម្ម/អាជីវកម្មតាមធម្មតា ព្រមទាំងត្រូវបំពេញព័ត៌មាននៃការចាក់វ៉ាក់សាំង ក្នុងរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រខាងលើ។ អធិការការងារ នឹងចុះធ្វើអធិការកិច្ចការងារពិសេសដើម្បីត្រួតពិនិត្យទិន្នន័យកម្មករនិយោជិតចាក់វ៉ាក់សាំងកូវីដ-១៩។

ក្រសួងការងារបន្ថែមថា ក្នុងករណីម្ចាស់ ឬនាយករោងចក្រ សហគ្រាសមិនបានធ្វើរបាយការណ៍ស្វ័យប្រកាសអធិការកិច្ចការងារ តាមកាលកំណត់ និងមិនព្រមអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ត្រូវទទួលការពិន័យ ឬផ្តន្ទាទោសតាមច្បាប់ និងការចាត់វិធានការតាមផ្លូវច្បាប់ពីក្រសួង៕