(កណ្តាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកមុខកំពូល បានដឹកនាំកិច្ចប្រជុំបូក សរុបវាយតម្លៃ សភាពការណ៍ និងលទ្ធផលឃោសនាបោះឆ្នោត និងដាក់ចេញនូវផែនការ សកម្មភាព ការងារសម្រាប់អនុវត្តបន្ត រហូតដល់ថ្ងៃបោះឆ្នោត ដើម្បីដណ្តើមជ័យជំនះ ឱ្យខាងតែបាន ជូនគណបក្ស និងប្រជាជន នៅក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ក៏ដូចការបោះឆ្នោតលើកក្រោយៗទៀត ដើម្បីរក្សាការពារឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ និងប្រជាជន។

អង្គប្រជុំបានរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ ដោយធ្វើការត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍ ស្តីពីសភាពការណ៍ និងលទ្ធផល នៃយុទ្ធនាការឃោសនាបោះ ឆ្នោតឃុំអាណត្តិទី៥ ឆ្នាំ២០២២ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ តាមបណ្តាមូលដ្ឋានឃុំទាំង ០៧ នៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។

អង្គប្រជុំ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់បេក្ខជនឈរឈ្មោះ ទាំងពេញសិទ្ធិ និងមប្រុង សកម្មជន យុវជន និងក្រុមការងារ គណបក្សគ្រប់លំដាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត គិតចាប់តាំងពីថ្ងៃបើកយុទ្ធនាការ ឃោសនាបោះឆ្នោត រហូតមកទល់នឹងពេលនេះ ទាំងការឃោសនា ប្រមូលផ្តុំ នៅនឹងកន្លែង ការឃោសនាចល័ត និងការចុះឃោសនានិងជួបសមាជិកតាមខ្នងផ្ទះ ព្រមទាំងសកម្មភាព តាមមណ្ឌល សកម្មភាព នីមួយៗ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង និងចូលរួមចំណែក ទាំងស្មារតី និង សម្ភារៈ របស់មន្រ្តីគណបក្សគ្រប់លំដាប់ ដើម្បីម្ខាងក្នុងបុព្វហេតុចិញ្ចឹម ចលនាការគាំទ្រ មកលើការដឹកនាំរបស់គណបក្ស ប្រជាជន និងម្ខាងទៀត ដើម្បីធ្វើឱ្យមានប្រែប្រួលមុខមាត់ និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន នៅក្នុងរយៈកាលកន្លងមក។ ជារួម អង្គប្រជុំបានធ្វើការវាយតម្លៃថា គណបក្សប្រជាជនកម្ពុជានៅតែនាំមុខ និងមានប្រៀប ដោយសារគុណបំណាច់ និងស្នាដៃជាប្រវត្តិសាស្រ្តជាច្រើនរាប់មិនអស់ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ សម្រេចបានជូនប្រទេសជាតិ និងប្រជាជនជាបន្តបន្ទាប់ ។

លោក វង្សី វិស្សុត បានធ្វើការកែសម្រួល និងសម្រួចបន្ថែមយុទ្ធសាស្រ្ត និងផែនការ សកម្មភាពមួយចំនួន ព្រមទាំងដាក់ចេញនូវវិធានការថ្មី ពាក់នឹងការឃោសនាបោះឆ្នោត និងការបដិឃោសនា ស្របតាមសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាន។ លោកក៏បានណែនាំដល់បេក្ខជន និងសកម្មជនគណបក្សទាំងអស់ ត្រូវបន្តខិតខំផ្សព្វកម្មវិធីនយោបាយរបស់បក្ស និងកម្មវិធីអភិវឌ្ឍន៍ឃុំ ២០២២-២០២៧ តាមមូលដ្ឋានឃុំនីមួយៗ ឱ្យបានយល់ជ្រួតជ្រាប ដល់ប្រជាពលរដ្ឋ ពិសេសសមាជិក ក្នុងមូលដ្ឋានរបស់ខ្លួន ដោយចិត្តទុកដាក់អនុវត្តទៅផែនការ ណែនាំ និងផែនការសកម្មភាព ការងារ ដែលបានដាក់ចេញជាបន្តបន្ទាប់នាពេលកន្លងមក ដោយមិនត្រូវមានភាពស្កប់ស្កល់ ហើយភ្លេចខ្លួនខ្វះការ ប្រុងប្រយ័ត្នឡើយ។

ទន្ទឹមនេះ គ្រប់សកម្មភាពឃោសនា ត្រូវគោរពច្បាប់ បទបញ្ជា និង នីតិវិធី ព្រមទាំងសេចក្តីណែនាំរបស់ គ.ជ.ប ដើម្បីធ្វើឱ្យបរិយាកាស នៃការឃោសនាបោះឆ្នោត ជាទូទៅនៅក្នុងមូលដ្ឋាន ស្រុកមុខកំពូល ប្រព្រឹត្តិទៅដោយរលូន មានសណ្តាប់ធ្នាប់ល្អ គ្មានអំពើហឹង្សា និងគ្មានការគំរាមកំហែង។ ជាមួយនេះ ត្រូវយកចិត្តទុក ដាក់ត្រៀម លក្ខណៈឱ្យបានគ្រប់គ្រាន់នៅថ្ងៃបោះឆ្នោត សំដៅធ្វើយ៉ាងឱ្យសមាជិក សមាជិកាគណបក្សទាំងអស់ អាចចូលរួមការបោះឆ្នោតគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រ ជូនគណបក្សប្រជាជនកម្ពុជា ពោលគឺដើម្បីធានាថា សមាជិកម្នាក់ សម្លេងគាំទ្រមួយសន្លឹក។

លោក វង្សី វិស្សុត បានផ្តល់ការណែនាំដល់មន្រ្តី គណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តក្តាប់សតិអារម្មណ៍ និង ក្តីកង្វល់របស់ប្រជាជននៅមូលដ្ឋាន ហើយខិតខំដោះស្រាយកង្វល់ និងចំណុចខ្វះខាតទាំងនោះ ឱ្យចំបញ្ហា ដោយយុត្តិធម៌ តាមដែលអាចធ្វើទៅបាន ដោយមិនត្រូវប្រងើយកន្តើយឡើយ ហើយត្រូវស្តាប់សំណូមពរ និងស្គាល់តម្រូវការ របស់ប្រជាជនជាក់ស្តែងនៅមូលដ្ឋាន រួចខិតខំដោះស្រាយជូនពួកគាត់។ ទន្ទឹមនេះ មន្រ្តីបក្សមូលដ្ឋាន ថ្នាក់ស្រុក ថ្នាក់ឃុំភូមិ និងមន្រ្តីគណៈពង្រឹងគ្រប់លំដាប់ត្រូវរួមជាអង្គតែមួយ ហើយត្រូវបន្តរក្សា ឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងចេះធ្វើការ ក្នុងស្មារតីជាក្រុម។

លោកបានណែនាំឱ្យយកចិត្តទុកដាក់ ដោះស្រាយបញ្ហាទំនាស់ដីធ្លី និងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងបានផ្តាំផ្ញើ សូមឱ្យអាជ្ញាធរ មូលដ្ឋាន គ្រប់លំដាប់ ត្រូវយកចិត្តទុកដាក់ ចំពោះក្រុមជនទាំងឡាយណា ដែលមានបំណងចង់ បង្កចលាចលដល់ការបោះឆ្នោត និង បំផ្លាញការបោះឆ្នោត៕