(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានដាក់សំណើ៤ចំណុចទៅកាន់វិទ្យាស្ថានគណនេយ្យ និងសវករកម្ពុជា (Kicpaa) ក្រោយពេលវិទ្យាស្ថានគណនេយ្យ និងសវករកម្ពុជា បានបើកវេទិកាពិភាក្សាជាមួយគ្រឹះស្ថានឧត្តមសិក្សា នៅសណ្ឋាគារភ្នំពេញកាលពីព្រឹកថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២២កន្លងមក។

សំណើទាំង៤ ដែលគ្រឹះស្ថានឧត្តមសិក្សា បានស្នើទៅវិទ្យាស្ថានគណនេយ្យ និងសវករកម្ពុជានោះរួមមាន៖

១៖ ស្នើវិទ្យាស្ថានគណនេយ្យ និងសវនករកម្ពុជា បើកសាលាផ្ទាល់ខ្លួន ដើម្បីបណ្តុះបណ្តាលនិស្សិតបំពេញតម្រូវការរបស់ខ្លួនដែលចង់បាន។ គ្រឹះស្ថានឧត្តមសិក្សា មិនមែនជាស្ថាប័នផលិតនិស្សិតបំពេញតម្រូវការតែ វិទ្យាស្ថានគណនេយ្យ និងសវករកម្ពុជា ចង់បាននោះទេ។

២៖ ស្នើវិទ្យាស្ថានគណនេយ្យ និងសវករកម្ពុជា អំពាវនាវទៅលើសមាជិករបស់ខ្លួន ដែលជាក្រុមហ៊ុនសវនកម្មឯករាជ្យ ដំឡើងប្រាក់បៀវត្សរ៍ដល់បុគ្គលិករបស់ខ្លួន ឱ្យសមស្របទៅនឹងចំណូលដែលទទួលបាន។

៣៖ ស្នើ វិទ្យាស្ថានគណនេយ្យ និងសវករកម្ពុជា អំពាវនាវទៅលើសមាជិករបស់ខ្លួនដែលជាក្រុមហ៊ុនសវនកម្មឯករាជ្យជ្រើសនិស្សិតចូលតំបូងក្នុងតម្លៃ ១ពាន់ដុល្លារយ៉ាងទាបបំផុត ដើម្បីឲ្យក្រុមហ៊ុនសវនកម្មឯករាជ្យទាំងនេះ មានលទ្ធភាពទទួលបាននូវនិស្សិតពូកែៗចូលទៅដាក់ពាក្យ។

៤៖ ស្នើ វិទ្យាស្ថានគណនេយ្យ និងសវករកម្ពុជា បើកទ្វារទូលាយឲ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាដែលទស្សនវិស័យលើជំនាញនេះចូលរួមផ្តល់មតិក្នុងក្រុមប្រឹក្សាវិទ្យាស្ថានគណនេយ្យ និងសវករកម្ពុជា។

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានបញ្ជាក់ដែរថា ខ្លួននឹងកោះប្រជុំសម្រេចចេញជាបន្ទាន់នូវសំណើនេះ៕