(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជាមានសេចក្ដីក្រៀមក្រំចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុង៉ា ជ្រោច ជាព្រះមាតារបស់លោកស្រី បានចូលព្រះទិវង្គត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ក្នុងព្រះជន្មាយុ ៨៧ព្រះវស្សា ដោយព្រះជរាពាធ។

សម្តេចបានចាត់ទុកថា ការបាត់បង់ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុម៉ា ជោច ដែលជា ការបាត់បង់នូវព្រះមាតាពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ ព្រះហឫទ័យជ្រះថ្លាបរិសុទ្ធ ក្នុងការ ចូលរួមថែរក្សាវប្បធម៌ សង្គមជាតិ ប្រពៃណីជាតិខ្មែរ និងជាទីគោរពស្រឡាញ់នៃបុត្រា បុត្រី ព្រមទាំងបង ប្អូន កូនចៅ និងព្រះញាតិវង្សានុវង្សរបស់ព្រះអង្គ។

សម្តេចសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយ បីបាច់ថែរក្សាដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុម៉ា ជោច យាងទៅ សោយសុខក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕