(កំពង់ធំ)៖ លោក ឃឹង នុភាព អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ អមដំណើរដោយលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត, លោកមបណ្ឌិត ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ អភិបាលស្រុក កងកម្លាំងទាំង៣ និងបងប្អូនជាពលរដ្ឋជាង១០០នាក់ បានប្រជុំពិភាក្សាគ្នាអំពីការសាងសង់សាលាឆទានថ្មី ដែលកំពុងទ្រុឌទ្រោមយ៉ាងខ្លាំងស្ថិតនៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

លោក ឃឹង នុភាព បានលើកឡើងដោយសង្កេតឃើញទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិច ពីបញ្ហាសាលាឆទានដែលទ្រុឌទ្រោមយ៉ាងខ្លាំងពេលធ្វើបុណ្យទានម្តងៗ ព្រោះមានបងប្អូនប្រជាពលរដ្ឋចូលរួម យ៉ាងច្រើន មិនអាចទប់ទល់បាន។ សាលាឆទាននេះមានវ័យចំណាស់ដែលបានកសាងឡើងនៅឆ្នាំ១៩៦១មកម្ល៉េះ ដោយការសាងសង់បែបបុរាណ មិនមានប្រើប្រាស់ដែកគោលនោះទេគឺប្រើស្នៀតដើម្បីឲ្យមានភាពរឹងមាំ។

មកដល់បច្ចុប្បន្ននេះដោយសារបងប្អូនជាប្រជាពលរដ្ឋ សំណូមពរទៅអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីជាសាងសង់នៅសាលាឆទាននេះឱ្យបានទាន់ពេលវេលា ដើម្បីជាទីកន្លែងសម្រាប់សក្ការៈបូជា នៃព្រះពុទ្ធសាសនាផង និងចង់ទុកជាស្នាដៃកេរ្តិ៍ដំណែលពីដូនតាផង។

ចុងក្រោយលោក ឃឹង នុភាព ក៏បានបញ្ជាក់បន្ថែមពីការសាងសង់សាលាឆទាននេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានទំនុកចិត្តចាប់ពីពេលចុះពិនិត្យទីតាំង និងកសាងឲ្យរួចឆាប់ៗនាពេលខាងមុខនេះ ដោយបងប្អូនចូលរួមជាកម្លាំងនិងសម្ភារ:ខ្លះ។

លោកថា «រាល់ការសំណូមពររបស់បងប្អូនដែលមានការលំបាកនៅក្នុងភូមិវាលវែងនេះ យើងខ្ញុំនឹងជួយដោះស្រាយឲ្យបានទាន់ពេលវេលាដើម្បីឱ្យមាន សុវត្ថិភាពនៅក្នុងមូលដ្ឋានរបស់បងប្អូន»

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋនៅភូមិវាលវែងឃុំឈូក ស្រុកប្រាសាទសំបូរ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់ក្នុងការសម្រួលទុក្ខលំបាករបស់ពួកគាត់ ក្នុងនោះពួកគាត់ក៏បានប្ដេជ្ញាចិត្តគាំទ្រ ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

គួរបញ្ជាក់ថា ចំពោះការសាងសង់សាលាឆទានមានទំហំ ១៥ម៉ែត្រ និងទទឹង៧ម៉ែត្រ កម្ពស់ផុតពីដី១ម៉ែត្រ និងសាងសង់ឲ្យរួចនាពេលខាងមុខនេះ ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិវាលវែង និងចូលរួមជាថវិកា សម្ភារៈ និងកម្លាំងពលកម្មមួយចំនួនផងដែរ៕