(កំពង់ធំ)៖ លោក ថោង ខុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានជំរុញលើកទឹកចិត្តដល់ក្រុមការងារគណបក្ស យុវជន-សកម្មជនគណបក្ស សហការគ្នាជួយផ្ដល់ជាមធ្យោបាយ ឬជួយដឹកនាំប្រជាពលរដ្ឋចាស់ជរា ជនពិការ និងអ្នកដែលមិនមានមធ្យោបាយទៅបោះឆ្នោតឱ្យពួកគាត់បានទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខ។

ការលើកទឹកចិត្តបែបនេះត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សនៅស្រុកបារាយណ៍និងស្រុកតាំងគោក និងតាមឃុំនៃស្រុកទាំងពីរ ដើម្បីជំរុញការងារឃោសនារកសំឡេងឆ្នោត ព្រមទាំងណែនាំអំពីការងារជួយប្រជាពលរដ្ឋនាឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។

នាឱកាសនោះ លោក ថោង ខុន បានជំរុញលើកទឹកចិត្តដល់ក្រុមការងារគណបក្សនៅតាមស្រុក ឃុំ ភូមិ ត្រូវត្រៀមមធ្យោបាយមានដូចជាម៉ូតូ ឬរថយន្ត ដើម្បីត្រៀមចាំជួយដឹកជញ្ជូនប្រជាពលរដ្ឋចាស់ជរា ជនពិការ និងអ្នកដែលមិនមានមធ្យោបាយទៅបោះឆ្នោតឱ្យពួកគាត់បានទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនោះ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ការជួយនេះមិនមែនជារឿងខុសច្បាប់ឯណា ព្រោះយើងគ្រាន់តែជួយឱ្យពួកគាត់បានទៅបោះឆ្នោតទាំងអស់គ្នា មិនមែនតម្រូវឱ្យពួកគាត់បោះឆ្នោតឱ្យបក្សនេះបក្សនោះឯណា និយាយរួមវាជាកិច្ចការជួយសង្គមដែរ»។

លោកបានបន្តទៀតថា រាជរដ្ឋាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីឱ្យការបោះឆ្នោតនៅកម្ពុជាដំណើការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពនានា ពិសេសគឺនៅមុនមួយថ្ងៃនៃថ្ងៃបោះឆ្នោត និងក្នុងថ្ងៃបោះឆ្នោត គឺមិនត្រូវពិសាគ្រឿងស្រវឹងឡើយ។

លោកប្រធាន ថោង ខុន បានណែនាំឱ្យសមាជិក-សមាជិកាត្រូវបក្សគោរពវិន័យគណបក្ស និងត្រូវគោរពតាមនីតិវិធីនិងបទបញ្ជារបស់ គ.ជ.ប ទាំងក្នុងពេលឃោសនារកសំឡេងឆ្នោត ក្នុងថ្ងៃស (ថ្ងៃទី៤ ខែមិថុនា) និងនៅក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ផងដែរ៕