(ភ្នំពេញ)៖ ឆ្លើយនឹងសំណួរ សន្និសីទអន្តរជាតិលើកទី២៧ ស្តីពីអនាគតរបស់អាស៊ី នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កម្ពុជាមិនមែនជាកូនបំណុលតែមួយគត់របស់ចិននោះទេ ហើយចិនក៏គ្មានបំណងដាក់អន្ទាក់កម្ពុជានោះដែរ។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ដាច់ណាត់ថា យើងខ្ញុំមិនអាចក្លាយទៅជាកូនបំណុលតែមួយគត់ ហើយជាអន្ទាក់បំណុល ដែលចិនត្រូវដាក់ ហើយចិនក៏គ្មានបំណងដាក់កម្ពុជាជាអន្ទាក់បំណុលនោះដែរ»

ការឆ្លើយសំណួរនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា សន្និសីទអន្តរជាតិលើកទី២៧ ស្តីពីអនាគតរបស់អាស៊ី ដែលរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន រយៈពេល២ថ្ងៃ នៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «សម្រាប់កម្ពុជាគឺមិនដាក់ខ្លួនទៅក្នុងអន្ទាក់នរណាទាំងអស់ ហើយចិនក៏មិនមែនជាប្រទេសតែមួយគាត់ដែលយើងខ្ញុំ ខ្ចីប្រាក់នោះដែរ ជប៉ុនយើងខ្ញុំខ្ចីប្រាក់ច្រើន ជាមួយនឹងប្រទេសដទៃទៀត យើងខ្ញុំក៏ខ្ចីប្រាក់ដូចគ្នា»

សម្តេចបានបន្តថា «ខ្ញុំសូមធានាថា អ្វីដែលយើងខ្ញុំខ្ចីយើងខ្ញុំមានការប្រុងប្រយ័ត្នខ្លួនឯង យើងខ្ញុំមានច្បាប់ទាក់ទងនឹងការខ្ចីបុល ហើយបើគិតមកដល់ពេលនេះ ពិដានសម្រាប់ការខ្ចីរបស់យើង ដែលគេអនុញ្ញាតឱ្យខ្ចីរហូតដល់៤០ភាគរយ នៃផលិតផលក្នុងស្រុកសរុប យើងខ្ញុំទើបនឹងខ្ចីត្រឹមតែ២៣ភាគរយតែប៉ុណ្ណោះ ដែលនៅសេសសល់ទំហំសម្រាប់ការខ្ចីតទៅទៀត»

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនមែនចេះតែខ្ចី ដោយមិនបានគិតគូរអំពីស្ថានភាពបំណុល ដែលយើងអាចដោះស្រាយបាននោះទេ ដូច្នេះ «ខ្ញុំមិនយល់ថា ចិនដាក់អន្ទាក់របស់យើងខ្ញុំ តាមរយៈ ការផ្តល់ហិរញ្ញប្បទានឱ្យកម្ពុជានោះទេ ហើយខ្ញុំក៏មិនគិតថា ជប៉ុនដាក់អន្ទាក់យើងខ្ញុំទៅលើការខ្ចីបុលពីជប៉ុន សម្រាប់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺកំពុងផែទឹកជ្រៅ នៅឯខេត្តព្រះសីហនុ គឺករណីដូចគ្នា»

«ខ្ញុំសូមបញ្ជាក់ថា កម្ពុជាមិនដាក់ខ្លួនទៅជាកូនបំណុលរបស់នរណាមួយនោះទេ ព្រោះយើងមិនអាចខ្ចីតែពីចិន យើងអាចខ្ចីពីជប៉ុន យើងអាចខ្ចីពីកូរ៉េ យើងអាចខ្ចីពីធនាគារអភិវឌ្ឍអាស៊ី យើងអាចខ្ចីពីធនាគារពិភពលោក យើងអាចខ្ចីពីធនាគារអឺរ៉ុប អញ្ចឹងយើងមិនអាចពឹងពាក់តែមួយជ្រុងនោះទេ ប៉ុន្តែវាច្បាស់ហើយថា ចិនបានផ្តល់ជាមូលដ្ឋានសម្រាប់យើងខ្ញុំ នេះជាបញ្ហាពិតប្រាកដ»

សម្តេចបានរំលឹកអំពីប្រសាសន៍របស់សម្តេចកាលពីឆ្នាំមុនដែលថា បើមិនឱ្យសម្តេចពឹងចិន តើឱ្យកម្ពុជាទៅពឹងនរណា។ សម្តេចរំលឹកអំពីសមិទ្ធផលផ្លូវ ស្ពាន និងសមិទ្ធផលផ្សេងទៀត ដែលរដ្ឋាភិបាលចិន បានជួយមកដល់ប្រទេសកម្ពុជា។ សម្តេចបានបញ្ជាក់ថា សម្តេចក៏នឹងទទួលវិនិយោគិនមកពីប្រទេសផ្សេងៗផងដែរ។

កាលពីខែកញ្ញា ឆ្នាំ២០២១ ក្នុងសន្និសីទរួមមួយជាមួយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបំពេញទស្សនកិច្ចនៅកម្ពុជា ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានប្រកាសថា កម្ពុជាមិនទាន់មានហានិភ័យជាមួយនឹងបំណុលនោះទេ ហើយពេលនេះកម្ពុជាចេះគ្រប់គ្រងបំណុលរបស់ខ្លួនឱ្យនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ហើយចេះប្រើប្រាស់ប្រាក់កម្ចីទាំងនោះ បានយ៉ាងសមរម្យទៀតផង។

ចំណែក លោកវ៉ាង យី បានសង្កត់ធ្ងន់ថា ចិនមិនបានភ្ជាប់លក្ខខណ្ឌក្នុងកិច្ចសហប្រតិបត្តិការណ៍នោះទេ ហើយចិនប្រឆាំងដាច់ខាតចំពោះទង្វើនិយាយហើយមិនធ្វើ ហើយភាគីចិនរីករាយសហការជាមួយភាគីកម្ពុជា សម្រាប់គម្រោងអភិវឌ្ឍនានា ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិនរឹងដូចជាដែក។

ពាក់ព័ន្ធនឹងករណីនេះ ឆ្លើយតបសំណួរថា តើជំនួយកម្ចីរបស់ភាគីចិនជូនដល់ភាគីកម្ពុជាពិតជាអន្ទាក់បំណុលមែនឬ? ស្ថានទូតចិនប្រចាំនៅកម្ពុជា កាលពីឆ្នាំមុន បានគូសបញ្ជាក់ថា ជំនួយផ្តល់ប្រាក់កម្ចីរបស់ចិនទៅកាន់បរទេសតែងតែប្រកាន់ខ្ជាប់គោលការណ៍មិនមានលក្ខខណ្ឌនយោបាយ មិននាំចេញរបៀបអភិវឌ្ឍន៍ និងមិនប្រើប្រាស់ប្រាក់កម្ចីជាលេសដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ រហូតមកដល់ពេលនេះ ប្រទេសចិនមិនដែលយកបំណុលមកគាបសង្កត់លើប្រទេសបំណុលណាមួយទេ ហើយក៏រឹតតែមិនដែលប្រើប្រាស់មូលនិធិជំនួយមករៀបចំផែនការបដិវត្តពណ៌លើប្រទេសណាដែរ។ រហូតមកដល់បច្ចុប្បន្ននេះ មិនមានប្រទេសណាមួយរងទុក្ខព្រោះតែមិនអាចសងបំណុលរបស់ប្រទេសចិនដែរ ហើយក៏មិនដែលឮថាប្រទេសណាស្អប់ខ្ពើមជាមួយជំនួយច្រើនពេករបស់ចិនដែរ។ ផ្ទុយទៅវិញ ប្រទេសទទួលជំនួយភាគច្រើននៅតែបន្តស្នើសុំចិនបង្កើនជំនួយបន្ថែម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរនិងបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនខ្លួន។

ស្ថានទូតបានបញ្ជាក់បន្ថែមថា ជាការពិតជំនួយកម្ចីរបស់ចិនមកកាន់កម្ពុជាមិនត្រឹមតែជួយលើកកម្ពស់កម្រិតនៃហេដ្ឋារចនាសម្ព័ន្ធ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច កែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ថែមទាំងបានផ្តល់បច្ចេកទេសគ្រប់គ្រងនិងស្តង់ដាយ៉ាងសកម្ម ដើម្បីជួយប្រទេសកម្ពុជាបណ្តុះបណ្តាលអ្នកបច្ចេកទេសវិស្វកម្មនិងអ្នកគ្រប់គ្រងក្នុងស្រុក។ ជារួមបានជួយលើកកម្ពស់សមត្ថភាពនៃការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ចាក់មូលដ្ឋានគ្រឹះយ៉ាងរឹងមាំបន្ថែមទៀតសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា៕