(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ជាថ្មីម្ដងទៀត អំពីការប្រឆាំងដាច់ខាតចំពោះអ្នក ដែលមានអំណាច និងមានលុយ ទៅទន្ទ្រានយកដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ដែលជ្រកក្រោមរូបភាពប្រជាពលរដ្ឋ។ ចំណុចមានសេចក្ដីថា អ្នកមានលុយ មានអំណាចទាំងអស់នោះ ទៅទន្ទ្រានហើយ ជួលឲ្យប្រជាពលរដ្ឋអាស្រ័យផល។

តាមរយៈការថ្លែងសារពិសេសមួយ ជុំវិញបញ្ហាបឹងទន្លេសាប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងប្រឆាំងដាច់ខាតជាមួយនឹងការប្រើប្រាស់សិទ្ធិអំណាចរបស់អ្នកមានអំណាច និងប្រើប្រាស់ទឹកលុយរបស់អ្នកមានប្រាក់ដើម្បីទៅជ្រកក្រោមផ្លាករូបភាពប្រជាពលរដ្ឋ ហើយដណ្ដើមកាន់កាប់ទន្ទ្រានយកដីផ្ទៃលិចទឹក ដើម្បីធ្វើជាផលប្រយោជន៍ផ្ទាល់របស់ពួកគាត់»។

ផ្ទុយពីការប្រឆាំងនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការគាំទ្រលើកទឹកចិត្ត និងផ្ដល់ការគាំពារចំពោះប្រជាពលរដ្ឋដែលរកស៉ីត្រឹមត្រូវ ដែលបានបង្កបង្កើនផលលើផ្ទៃដីនេះរយៈពេលយូរមកហើយ។ សម្ដេចបានអះអាងថា ផ្ទៃដីដែលប្រជាពលរដ្ឋបង្កបង្កើនផលយូរមកហើយ រាជរដ្ឋាភិបាលផ្ដល់ឲ្យប្រជាពលរដ្ឋបង្កបង្កើនផលបន្ដទៀត។

ប៉ុន្ដែករណីដែលទើបរំលោភបំពានកាប់ថ្មីៗ មិនត្រូវបានអនុញ្ញាតនោះទេ នោះជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញ។ នេះជាការគូសបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ នៅពេលទទួលបានដីធ្លីនៅកន្លែងបង្កបង្កើនផលហើយ សូមមេត្តាកុំកាប់រានដីដែលនៅជិតខាងបន្ដទៀត ដើម្បីពង្រីកដីកាន់តែធំ ហើយកុំឲ្យអ្នកទៅពីក្រៅតំបន់នេះ ជាឈ្នួញ ឬជាអ្នកមានអំណាចទៅឃុបឃិតជាមួយប្រជាពលរដ្ឋនៅតំបន់នោះ ហើយកាប់រានយកដីរាប់រយ រាប់ពាន់ហិចតា ហើយជួលឲ្យប្រជាពលរដ្ឋដូចពេលកន្លងទៅដែលរាជរដ្ឋាភិបាលចាំបាច់ត្រូវតែធ្វើសកម្មភាពលើបញ្ហានេះ។

សូមរលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង និងត្រូវមានការដោះស្រាយជាបន្ទាន់។

ជាមួយគ្នានោះលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានចេញសេចក្តីសម្រេចមួយបង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ ទន្លេសាប ស្ថិតនៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ភ្លាមៗផងដែរ។

ជាលទ្ធផល ក្រោយបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ដីព្រៃលិចទឹកជាច្រើនម៉ឺនហិចតា ក៏ត្រូវបានដកហូតត្រឡប់មកវិញពីការកាន់កាប់ដោយខុសច្បាប់ និងឃាត់ខ្លួនមនុស្សជាបន្ដបន្ទាប់ផងដែរ ដែលមានការពាក់ព័ន្ធករណីនេះ។ ដោយឡែក ដីដែលបានដកហូតមកវិញនោះ ក៏ត្រូវបានដាំដើមឈើឡើងវិញផងដែរ ខណៈទីតាំងដែលប្រជាពលរដ្ឋអាស្រ័យផលយូរឆ្នាំពិតប្រាកដ រាជរដ្ឋាភិបាលមិនបានដកហូតវិញនោះទេ៕