(ភ្នំពេញ)៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាប្រទេសជុំវិញពិភពលោកកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងលើគំនិតផ្តួចផ្តើមមួយ ដែលកំពុងជំរុញការតភ្ជាប់ ទាំងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគ ហិរញ្ញវត្ថុ ព្រមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងតំបន់និងពិភពលោក ដែលកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដល់បណ្តាប្រទេសជាច្រើនជាពិសេស នៅតំបន់អាស៊ី អឺរ៉ុប និងអាហ្វ្រិក ក្នុងនោះ រួមមានទាំងកម្ពុជាដែរ។

នោះគឺគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ត្រូវបានបង្កើតឡើងដោយប្រធានរដ្ឋចិន ស៊ី ជីនភីង។ ឆ្នាំ២០២៣ខាងមុខនេះ នឹងឈានដល់គម្រប់ខួប ១០ឆ្នាំនៃការលើកឡើងពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» នេះហើយ។

សម្រាប់កម្ពុជា តំបន់សេដ្ឋកិច្ចពិសេស រោងចក្រវារីអគ្គិសនី ផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិ ពហុកីឡដ្ឋានជាតិដ៏ធំពុំធ្លាប់មាន ផ្លូវថ្នល់រាប់ពាន់គីឡូម៉ែត្រ ស្ពានឆ្លងកាត់ទន្លេធំៗ មន្ទីរពេទ្យ ការផ្គត់ផ្គង់ទឹកនៅជនបទ ជាដើម គឺសុទ្ធតែត្រូវបានស្ថាបនាឡើង ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ជាមួយនឹងការវិនិយោគផង និងផ្តល់ជំនួយឥតសំណងផងពីភាគីចិន ជូនដល់ភាគីកម្ពុជា។ ជារួម គំនិតផ្តួចផ្តើមនេះបាននិងកំពុងរួមចំណែកយ៉ាងធំធេង ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសកម្ពុជា ដូចជា យុទ្ធសាស្ត្រចតុកោណ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ផែនការមេកែលម្អប្រព័ន្ធភស្តុភារ ព្រមទាំងតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ជាដើម។ ជាឧទាហរណ៍ជាក់ស្តែង ក្នុងការតភ្ជាប់ដ៏សំខាន់នៅកម្ពុជា ជាមួយនឹងការសម្រួលដឹកជញ្ជូន ការតភ្ជាប់ភស្តុភារ ជំរុញការនាំចេញនោះ គឺផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលភ្ជាប់ពីភ្នំពេញទៅកាន់តំបន់កំពង់ផែទឹកជ្រៅលំដាប់អន្តរជាតិ នៅខេត្តព្រះសីហនុ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនដំបូងគេនៅប្រទេសកម្ពុជានេះគ្រោងនឹងបញ្ចប់ការសាងសង់ នៅចន្លោះពីខែកក្កដា ដល់ ខែកញ្ញា ២០២២ ដែលត្រៀមឲ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ក្នុងពេលឆាប់ៗនេះ នេះបើតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូននៃប្រទេសកម្ពុជាបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន ពីវឌ្ឍនភាពនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ ថា «គ្រោងឲ្យប្រជាពលរដ្ឋ អាចប្រើប្រាស់សាកល្បង ហើយដើម្បីអាចប្រើប្រាស់សាកល្បងបាន ប្រជាពលរដ្ឋត្រូវតែមានការយល់ដឹងពីរបៀបនៃការប្រើប្រាស់ ពីការបើកបរនៅលើផ្លូវល្បឿនលឿន ក៏ដូចជា ចេញចូល ទៅតាមផ្លូវបំបែកនីមួយៗ ដូច្នេះ ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងរៀបចំធ្វើជាវីដេអូ ស្ពតមួយ ដើម្បីពន្យល់អំពីរបៀបរបបនៃការប្រើប្រាស់ផ្លូវល្បឿនលឿន ដំបូងគេនៅកម្ពុជា»

រីឯ គម្រោងក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដ៏សំខាន់មួយទៀត នៅកម្ពុជា គឺគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិធំៗ ចំនួនបី នៅខេត្តសៀរាប ខេត្តកោះកុង និង ធំជាងគេ នៅក្បែរនឹងរាជធានីភ្នំពេញ នោះ គឺគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន ពីគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិទាំងបីនេះ រួមនឹងការវាយតម្លៃខ្ពស់ពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» យ៉ាងដូច្នេះថា «ជាភូមិសាស្ត្រនយោបាយ គឺភាគីចិន គឺគាត់ចង់ធ្វើពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់ និងក្រៅតំបន់ ព្រោះយើងដឹងហើយថា កាលពីអតីតកាល ផ្លូវសូត្រ តាំងពីរាប់ពាន់ឆ្នាំមុន ចិនធ្លាប់ធ្វើពាណិជ្ជកម្មជាមួយប្រទេសទាំងអស់នោះ ដូច្នេះចិនបានរៀបចំជាយុទ្ធសាស្ត្រនេះឡើងវិញ ដើម្បីធ្វើពាណិជ្ជកម្មជាមួយប្រទេសទាំងនោះ ហើយពាណិជ្ជកម្មនេះ គឺមិនមែនដើម្បីតែផលប្រយោជន៍របស់គាត់ (ចិន) ទេ គឺដើម្បីផលប្រយោជន៍ដល់ប្រទេសទាំងសងខាង ប្រទេសដែលធ្វើ ពាណិជ្ជកម្ម វិនិយោគជាមួយចិន គឺទទួលបានអត្ថប្រយោជន៍តាមហ្នឹងដែរ ហើយ គំនិតផ្តួចផ្តើមនេះ គឺជាយុទ្ធសាស្ត្រល្អ»

រីឯអ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បានមើលឃើញពីអត្ថប្រយោជន៍ជំរុញ ការអភិវឌ្ឍដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមនេះដែរថា «ខ្សែក្រវាត់មួយ ផ្លូវមួយ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ មិនត្រឹមតែសម្រាប់កំណើនសេដ្ឋកិច្ចផ្ទៃក្នុងចិនទេ ប៉ុន្តែ វាគឺជាក្បាលម៉ាស៊ីនអូសរថភ្លើងសេដ្ឋកិច្ចពិភពលោកផងដែរ ព្រោះ គំនិតផ្តួចផ្តើមនេះបានក្លាយទៅជាយន្តការដ៏សំខាន់មួយ សម្រាប់ចាក់បញ្ជូលនៅកំណើនសេដ្ឋកិច្ចពិភពលោក....យើងឃើញថា តាមរយៈគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវនេះ កម្ពុជាក៏ទទួលបានលទ្ធផលជាក់ស្តែងរួចមកហើយ តាមរយៈ ការវិនិយោគផ្សេងៗរបស់ចិន មកកាន់កម្ពុជា តាមរយៈជំនួយអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗ ដូចជា ផ្លូវ អាកាសយានដ្ឋាន កំពង់ផែ និងការវិនិយោគវារីអគ្គិសនី ជាដើម ដែលសុទ្ធតែជា សូចនាករសំខាន់ សម្រាប់វាស់វែងពីផលប្រយោជន៍ដែលកម្ពុជាទទួលបានពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ របស់ប្រទេសចិន»

លោក បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» បាននិងកំពុងជួយជំរុញលំហូរពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសចិន ព្រមទាំងជាមួយបណ្តាប្រទេសនានា តាមផ្លូវសូត្រសមុទ្រ និងគោក កាន់តែល្អប្រសើរបន្ថែមទៀត។

«ក្នុងកិច្ចព្រមព្រៀង ខ្សែក្រវាត់ និងផ្លូវនេះ គឺបានជួយឲ្យមានលំហូរពាណិជ្ជកម្មជាពិសេស ជាមួយប្រទេសចិន និងការតភ្ជាប់ជាមួយបណ្តាប្រទេសនានា តាមផ្លូវខ្សែក្រវាត់ ផ្លូវសូត្រសមុទ្រ និងផ្លូវសូត្រគោក នេះដែលជួយឲ្យពាណិជ្ជកម្ម រវាងកម្ពុជាជាមួយបណ្តាប្រទេសផ្សេងៗ កាន់តែមានសកម្មភាពល្អប្រសើរជាងមុន» សម្រាប់ការយល់ឃើញរបស់ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ជាមហាបដិវត្តន៍នៃការវិវឌ្ឍទីផ្សារ នៅលើពិភពលោក តាមរយៈការតភ្ជាប់ជាមួយគ្នា សម្រាប់ការនាំចេញ នាំចូលផលិតផល ទៅវិញទៅមក។

ឯកឧត្តម ផៃ ស៊ីផាន «ការអភិវឌ្ឍរបស់គំនិតរបស់មហាវិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសចិន ដែលផ្តួចផ្តើម ខ្សែក្រវាត់ ផ្លូវមួយ គឺជាកម្មវិធីចំទិសដៅល្អ សម្រាប់គ្រប់ប្រទេសទាំងអស់គ្នា គឺការតភ្ជាប់នេះឯង...ផ្លូវសូត្រ យើងហៅថាជាផ្លូវការបដិវត្តន៍ពាណិជ្ជកម្មថ្មីនៃពិភពលោក.. ខ្សែក្រវាត់និងផ្លូវគឺជាគំនិតផ្តួចផ្តើមមួយ ដែលគ្មានធ្វើឲ្យប្រទេសណាមួយជួបនឹងការរើសអើងនឹងទីផ្សារទេ គឺអាចផ្តល់ការលក់ដូរទំនិញរបស់ខ្លួន ទូទាំងតំបន់ ឆ្លងពីតំបន់របស់ខ្លួន ទៅតំបន់មួយទៀតដែលខ្លួនមាន»

ឯកឧត្តម Qian Keming អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសចិន បានលើកឡើងក្នុងពេលអញ្ជើញប្រកាសបើកវេទិកាធុរកិច្ច និងវិនិយោគ កម្ពុជា-ចិន កាលពីថ្ងៃទី១៨ ឧសភា ២០២២ ថា «ភាគីចិននឹងបន្តពង្រឹង ការអនុវត្ត គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ជាមួយនឹងយុទ្ធសាស្ត្រចតុកោណ និងផែនការអភិវឌ្ឍ៍ឧស្សាហកម្មរបស់កម្ពុជា ជំរុញការតភ្ជាប់អន្តរជាតិ ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ចិនកំពុងពន្លឿនការសាងសង់គំរូនៃការអភិវឌ្ឍន៍ថ្មី និងលើកកម្ពស់កម្រិតខ្ពស់នៃការបើកទូលាយ ដែលនឹងផ្តល់ទីផ្សារកាន់តែទូលំទូលាយ និងឱកាសអភិវឌ្ឍន៍សម្រាប់ប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)